ព័ត៌មានជាតិ

ផ្តន្ទាទោស អតីតស្នងការរង នគរបាលខេត្តកំពង់ឆ្នាំង ដាក់គុក ៤ឆ្នាំ ជាប់ពាក់ព័ន្ធល្មើសហ៊ុព័ទ្ធដីព្រៃលិចទឹក -ប្រព្រឹត្តអំពើពុករលួយ-លាងសម្អាតប្រាក់

ភ្នំពេញ: សាលាដំបូង រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ៤ ខែ សីហា ឆ្នាំ ២០២២ បានប្រកាសសាលក្រម និង សម្រេចផ្តន្ទាទោស អតីត:ស្នងការរង នគរបាលខេត្តកំពង់ឆ្នាំង គឺ លោកឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ដាក់គុកកំណត់៤ឆ្នាំ, ពិន័យជាប្រាក់ចំនួន ៥០ លានរៀល និង រឹបអូសទ្រព្យសម្បត្តិរបស់គាត់ ដែលបានមកអំពី អំពើពុករលួយ ចំនួនជិត ៦០ម៉ឺនដុល្លារអាមេរិក ដាក់ចូលជាទ្រព្យសម្បត្តិជាតិ ជាប់ពាក់ព័ន្ធការកាន់កាប់ព្រៃលិចទឹក ចំនួនជាង២០០ ហិកតា នៅក្នុងតំបន់ហាមឃាត់ ស្ថិតនៅក្នុងតំបន់បឹងទន្លេសាប នៅក្នុងខេត្តកំពង់ឆ្នាំង ប្រព្រឹត្តពីឆ្នាំ ២០១១ រហូតដល់ឆ្នាំ ២០២១។

លោកលិ សុខា ជាចៅក្រមជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញបានថ្លែងឱ្យដឹងថា នៅក្នុងសំណុំរឿងក្តីនេះ, ជនជាប់ចោទឈ្មោះ ស៊ុំ សុជាតិ ឈ្មោះហៅក្រៅ ង៉ុយ ភេទប្រុស អាយុ៥២ ឆ្នាំ ត្រូវបានតំណាងអយ្យការ ចោទប្រកាន់ពីបទ : បំផ្លាញ និងគៃបំបាត់ បទហ៊ុមព័ទ្ធកាន់កាប់ដីព្រៃលិចទឹក បទមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល និងបទសម្អាតប្រាក់ ប្រព្រឹត្តនៅចំណុចដែនព្រៃលិចទឹកនៃតំបន់៣ នៃបឹងទន្លេសាបក្នុងភូមិសាស្ត្រភូមិកង្កែប និងភូមិធ្លក ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កាលពីអំឡុងឆ្នាំ២០១១ ដល់ឆ្នាំ២០២១ ជាបទល្មើសព្រហ្មទណ្ឌ និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៦០៨ ខែ ក្រមព្រហ្មទណ្ឌ និងមាត្រា ៨៨ នៃច្បាប់ស្តីពីជលផល និងមាត្រា ៣២, មាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងមាត្រា ៣ថ្មី, មាត្រា ២៨ថ្មី១ នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ។

ផ្ទាំងពាណិជ្ជកម្ម

ជនជាប់ចោទ ឈ្មោះស៊ុំ សុជាតិ ហៅ ង៉ុយ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០២១ ដោយអង្គភាពប្រឆាំងអំពើពុករលួយ (ACU) និង ត្រូវបានបញ្ជូនទៅឃុំខ្លួន បណ្ដោះអាសន្ន នៅក្នុងពន្ធនាគារ ព្រៃស កាលពីថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០២១៕

ដោយ: លីហ្សា

To Top