ភ្នំពេញ ៖ សមាជិកព្រឹទ្ធសភា ក្រោមការដឹកនាំប្រជុំរបស់សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃ៥ សីហានេះ បានឯកភាពទាំងស្រុង លើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្ម រដ្ឋធម្មនុញ្ញលើកទី១០ចំនួន៨មាត្រា ទាំងមូលដោយសំឡេងគាំទ្រ ៥៧សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ។
មាត្រាទាំង៨នោះរួមមាន ៖ មាត្រា១៩ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា និងមាត្រា៣ថ្មី និងមាត្រា៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានា ដំណើរការជាប្រក្រតី នៃស្ថាប័នជាតិ ។
បើតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋសភាក្រោយ បញ្ចប់កិច្ចប្រជុំ សេចក្តីព្រាងច្បាប់នេះ រៀបចំឡើងក្នុងគោលបំណង សំដៅធានាឲ្យស្ថាប័នកំពូល របស់ជាតិ ជាពិសេសអំណាចនីតិប្រតិបត្តិ ដែលមានបេសកកម្មចម្បង ក្នុងការដឹកនាំការងារទូទៅ របស់រដ្ឋបានដំណើរការ ប្រព្រឹត្តទៅដោយរលូន និងប្រកបដោយនិរន្តរភាព នៅគ្រប់កាលៈទេសៈ ។
សេចក្តីព្រាងច្បាប់ ធម្មនុញ្ញស្តីពីវិសោធនកម្មនេះ តាក់តែងឡើងយ៉ាងលំអិត ធានាបាននូវភាពត្រឹមត្រូវ នៃការគោរពគោលការណ៍ គ្រឹះនៃរបបរាជានិយមអាស្រ័យ ដោយរដ្ឋធម្មនុញ្ញ ដែលជារបបដឹកនាំប្រទេស បែបសភានិយម ព្រមទាំងជាការលើកកម្ពស់ នូវគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សដែលប្រជាជនកម្ពុជា បង្ហាញឆន្ទៈ និងប្រើសិទ្ធិអំណាច របស់ខ្លួន តាមរយៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលប្រព្រឹត្តទៅរៀងរាល់៥ឆ្នាំម្តង ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ព្រមទាំងច្បាប់ និងបទដ្ឋានគតិយុត្តជាធរមានរបស់ជាតិ ។