ព័ត៌មានជាតិ

មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ អញ្ជើញចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារ ជាមួយអនុរដ្ឋមន្រ្តី ការពារប្រទេស និងជាប្រធាន អគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម នៅរដ្ឋធានីហាណូយ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃ កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឧត្តមសេនីយ៍ឯកបម្រុង ង្វៀន តឹនគឿង អនុរដ្ឋមន្រ្តីការពារប្រទេស និងជាប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម នៅទីស្តីការក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសនៃការបំពេញទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅក្នុងប្រទេសវៀតណាម។

ក្នុងជំនួបនេះ លោក ហ៊ុន ម៉ាណែត បានជម្រាបជូន លោក ង្វៀន តឹនគឿង អំពីលទ្ធផលនៃជំនួបពិភាក្សាការងារជាមួយ លោក អនុប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម និង បានស្នើសុំ លោកប្រធាន អគ្គសេនាធិការ ផ្តល់ការគាំទ្រ លើទិសដៅសំខាន់ៗ នៃកិច្ចសហប្រតិបត្តិការ ក្នុងកម្រិតកងទ័ពជើងគោក ដែលបានឯកភាពគ្នា សំដៅធ្វើយ៉ាងណាបន្តថែរក្សាចំណងសាមគ្គីភាព មិត្តភាព ការទុកចិត្តគ្នា និងការសហការគ្នាឱ្យបានស្អិតរមួតបន្ថែមទៀត ដើម្បីកសាង និងការពារប្រទេសទាំងពីរ តាមរយៈការធានាបាននូវព្រំដែនសន្តិភាព និងការអភិវឌ្ឍរួមសម្រាប់ទាំងអស់គ្នា ។

ជាការឆ្លើយតប ឧត្តមសេនីយ៍ឯកបម្រុង ង្វៀន តឹនគឿង បានសម្តែងនូវវាយតម្លៃខ្ពស់ចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការ រវាងកងទ័ពនៃប្រទេសទាំងពីរ ដែលសម្រេចបានកន្លងមក និងបានបង្ហាញនូវការគាំទ្រចំពោះទិសដៅសម្រាប់ពេលខាងមុខ ដែលបានឯកភាពគ្នា ដើម្បីសន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍសម្រាប់ប្រទេសយើងទាំងពីរ ក៏ដូចជាតំបន់ទាំងមូល។ លោកក៏បានអបអរសាទរផងដែរ អំពីការរីកចម្រើនលើគ្រប់វិស័យ ដ៏ឆាប់រហ័សរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ហើយថ្មីៗនេះ កម្ពុជាក៏ទើបទទួលបានជោគជ័យ ក្នុងការធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ។

ឆ្លៀតក្នុងឱកាស នោះ លោក ង្វៀន តឹនគឿង ក៏បានសម្តែងនូវការអបអរសាទរ និងការគាំទ្រផងដែរចំពោះ លោក ហ៊ុន ម៉ាណែត ដែលត្រូវបាន អង្គសន្និបាតគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជន កម្ពុជាលើកទី៤៣ បោះឆ្នោតជាជាបេក្ខភាព នាយករដ្ឋមន្ត្រីនាពេលអនាគត និងបានជូនពរឱ្យការបោះឆ្នោត ថ្នាក់ជាតិក្នុងឆ្នាំ២០២៣ នៅកម្ពុជា ប្រព្រឹត្តិទៅប្រកបដោយភាពជោគជ័យ។

To Top