នយោបាយ

លោក ហ៊ុន ម៉ាណែត ជួបប្រជុំពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំ សហព័ន្ធ យុវជនហូជីមិញ

ភ្នំពេញ ៖ លោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការ កណ្តាលគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានយុវជន គណបក្ស ថ្នាក់កណ្តាល នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូ យុវជនគណបក្សថ្នាក់កណ្តាល ជួបប្រជុំពិភាក្សា ការងារជាមួយ លោក ប៉ុយ ក្វាងហ៊ុយ លេខាអចិន្ត្រៃយ៍ និងជាលេខាទី១ (ស្តីទី) នៃសហព័ន្ធយុវជនហូជីមិញ នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។

ក្នុងជំនួបនេះ ថ្នាក់ដឹកនាំយុវជនទាំងពីរ បានសម្តែងនូវការអបអរសាទរ ចំពោះការប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៥៥ នៃការបង្កើតចំណង ការទូត រវាងប្រទេសទាំងពីរ តាមរយៈការកំណត់យកឆ្នាំ២០២២ ជា “ឆ្នាំមិត្តភាព កម្ពុជា-វៀតណាម” និងបានកត់សម្គាល់អំពីការរីកចម្រើន នៃប្រទេសទាំងពីរ ជាពិសេសជោគជ័យ នៃការគ្រប់គ្រងការរីករាលដាល ជាសាកល នៃជំងឺកូវីដ-១៩ ក្នុងរយៈពេលជាង ០២ ឆ្នាំកន្លងមកនេះ ។

ឆ្លងកិច្ចពិភាក្សានេះផងដែរ សមភាគីទាំងពីរ ក៏បានវាយតម្លៃខ្ពស់ ចំពោះតួនាទីដ៏មានសារៈសំខាន់ ចាំបាច់របស់យុវជន នៅក្នុងការចូលរួមកសាង និងអភិវឌ្ឍប្រទេស ក្នុងនាមជាកម្លាំងស្នូល និងបានឯកភាពគ្នា លើទិសដៅនៃការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីចូលរួម ចំណែកក្នុងការពង្រឹង ចំណងមិត្តភាព និងសាមគ្គីភាពរវាងប្រទេស និងប្រជាជនទាំងពីរ ឱ្យបានកាន់តែជិតស្និទ្ធបន្ថែមទៀត ។

លោក ប៉ុយ ក្វាងហ៊ុយ ក៏បានយកឱកាសនោះ សម្តែងនូវការអបអរសាទរ ចំពោះ លោក ហ៊ុន ម៉ាណែត ដែលត្រូវបានអង្គសន្និបាត គណៈកម្មាធិការ កណ្តាល គណបក្សប្រជាជនកម្ពុជា លើកទី៤៣ បោះឆ្នោតជាបេក្ខភាព នាយករដ្ឋមន្ត្រី នាពេលអនាគត និងបានជូនពរ ឱ្យការបោះឆ្នោតថ្នាក់ជាតិ ក្នុងឆ្នាំ២០២៣ នៅកម្ពុជា ប្រព្រឹត្តិទៅប្រកប ដោយភាពជោគជ័យ៕

To Top