ព័ត៌មានជាតិ

ប្រមុខការពារជាតិកម្ពុជា នឹងអញ្ជើញទស្សនកិច្ច ប្រទេសចិន ៤ថ្ងៃ

ភ្នំពេញ: តបតាមការអញ្ជើញរបស់ នាយឧត្តមសេនីយ៍ វ៉ី ហ្វឹងហឺ (WEI FENG HE) សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេសនៃសាធារណរដ្ឋប្រជាមានិតចិន សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៦ ខែសីហា ឆ្នាំ២០២២។

ការបំពេញទស្សនកិច្ចផ្លូវការនេះ ក្នុងគោលបំណងដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងបច្ចេកទេសយោធារវាងប្រទេសទាំងពីរ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា អំឡុងដំណើរទស្សនកិច្ចនោះ សម្ដេចពិជ័យសេនា ទៀ បាញ់ និងនាយឧត្តមសេនីយ៍ ស្ស៉ី ឈីលាំង (XU QI LIANG) អនុប្រធានគណៈកម្មាធិការយោធាមជ្ឈិម នឹងធ្វើជាសហប្រធានក្នុងកិច្ចប្រជុំលើដំបូងរបស់គណៈកម្មការចម្រុះកិច្ចសហប្រតិបត្តិការយោធា និងបច្ចេកទេសកងទ័ពប្រទេសទាំងពីរ កម្ពុជា-ចិន នៅទីក្រុងក្វាងចូវ ខេត្តក្វាងទុង ប្រទេសចិន។

ជាមួយគ្នានេះ សម្តេចពិជ័យសេនា ទៀ បាញ់ នឹងជួបពិភាក្សាផ្លាស់ប្តូរទស្សនៈគ្នាអំពីបញ្ហាតំបន់ និងអន្តរជាតិជាមួយ នាយឧត្តមសេនីយ៍ ស្ស៉ី ឈីលាំង ព្រមទាំងធ្វើជាអធិបតីនៅក្នុងពិធីចុះហត្ថលេខាលើពិធីសារចំនួនពីរ៖ ១៖ កិច្ចសហប្រតិបត្តិការយោធា និង២៖ កិច្ចសហប្រតិបត្តិការបច្ចេកទេសយោធា សំដៅលើកកម្ពស់សមត្ថភាពកងទ័ព និងធ្វើទំនើបកម្មហេដ្ឋរចនាសម្ពន្ធផ្នែកទន់-រឹង ដើម្បីឱ្យវិស័យការពារជាតិកាន់តែរីកចម្រើនមួយកម្រិតថែមទៀត។

លើសពីនេះទៀត គណៈប្រតិភូនៃកងយោធពលខេមរភូមិន្ទក៏នឹងចូលរួមកម្មវិធីអាហារថ្ងៃត្រង់ដែលរៀបចំដោយនាយឧត្តមសេនីយ៍ ស្ស៉ី ឈីលាំង ដើម្បីពង្រឹងចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការកងទ័ពប្រទេសទាំងពីរកម្ពុជា-ចិនឱ្យកាន់តែរឹងមាំនិងរីកចម្រើនថែមទៀត ក្រោយវិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩ជាសកល៕

To Top