ភ្នំពេញ ៖ ជាមួយគុណតម្លៃ និងទឹកចិត្ត ក្នុងការចូលរួមទ្រទ្រង់ ដល់ដំណើរការប្រចាំថ្ងៃ របស់មន្ទីរពេទ្យកុមារអង្គរ ក្រុមហ៊ុនមីជាតិ បានបន្តចូលរួម ឧបត្ថម្ភធំ នៅក្នុងព្រឹត្តិការណ៍សប្បុរសធម៌ “ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ ឆ្នាំទី៨” ដែលបានប្រព្រឹត្តឡើង នៅក្រុងសៀមរាប កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ សហការរៀបចំ ដោយគណៈកម្មការរៀបចំ ព្រឹត្តិការណ៍ជិះកង់ (CFC) និងមន្ទីរពេទ្យកុមារអង្គរ ដោយមានការ ចូលរួមប្រមាណ ១០០០នាក់ ។

ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណង រៃអង្គាសថវិកា ពីសាធារណជន វិស័យឯកជន និងស្ថាប័ននានា ដើម្បីទ្រទ្រង់ដល់ដំណើរ ការរបស់មន្ទីរពេទ្យកុមារអង្គរ ដែលមានបេសកកម្មព្យាបាល និងជួយសង្រ្គោះអាយុជីវិត របស់កុមារកម្ពុជា ប្រកបដោយគុណភាព ក្តីមេត្តាករុណា និងមិនគិតកម្រៃ ។ មន្ទីរពេទ្យកុមារអង្គរ គឺពឹងផ្អែកទៅលើជំនួយសប្បុរសធម៌ទាំងក្នុង និង ក្រៅប្រទេស ដែលបានបើកបំរើសេវា សុខភាព ជូនកុមារកម្ពុជា អស់រយៈពេល ជាង២០ឆ្នាំមកហើយ ។ ទោះបីជាមានបញ្ហាកង្វះថវិកា នៅក្នុងដំណើរការប្រតិបត្តិ យ៉ាងណាក៏ដោយ មន្ទីរពេទ្យមួយនេះ មិនដែលរួញរា នឹងសង្រ្កោះអាយុជីវិតកុមារ ណាម្នាក់នោះឡើង ។

លោក សោមនស្ស វិបុល ប្រធានជាន់ខ្ពស់ផ្នែកពាណិជ្ជកម្ម បានមានប្រសាសន៍ថា “មីជាតិ ពិតជាមាន សេចក្តីរីករាយ ដែលបានបន្តចូលរួម ឧបត្ថម្ភគាំទ្រ ក្នុងព្រឹត្តិការណ៍ជិះកង់នេះ ជាថ្មីម្តងទៀត ។ ព្រឹត្តិការណ៍ឆ្នាំទី៨នេះ នឹងនៅបន្តជានិមិត្តរូប នៃស្មារតីសាមគ្គី ការរួបរួមគ្នា និងការបង្ហាញ ក្តីស្រលាញ់ របស់ប្រជាជាតិខ្មែរ ។ ខ្ញុំសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋ នឹងបន្តចូលរួមគាំទ្រព្រឹត្តិការណ៍ដ៏ធំមួយនេះ ដើម្បីបុព្ធហេតុកុមារកម្ពុជា ។ បន្ថែមពីនេះខ្ញុំសូមអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តផ្តល់ការគាំទ្រ និងប្រើប្រាស់ផលិតផលមីជាតិ ដែលមានច្រើនជម្រើស និងរសជាតិ ក៏ដូចជាផលិតផលខ្មែរដទៃទៀត ដែលនេះបានបង្ហាញពីស្មារតី នៃការគាំទ្រផលិតផលក្នុងស្រុក និងរួមចំណែកលើកកម្ពស់ ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ក៏ដូចជាមោទនភាព របស់ជាតិយើង ។”

លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្រ្តា នាយកមន្ទីរពេទ្យកុមារអង្គរ បានបញ្ជាក់ថា ព្រឹត្តិការណ៍ ជិះកង់នាពេលនេះ គឺជាសកម្មភាពមនុស្សធម៌ ដ៏ពិសេស មួយ របស់ប្រជាពលរដ្ឋទូទៅ ក្នុងការចូលរួម ថែរក្សាបរិស្ថាន និងសុខភាព ជាពិសេស គឺការចូលរួមចំណែក ក្នុងការបរិច្ចាគនូវថវិកា ជូនមន្ទីរពេទ្យកុមារអង្គរ ដើម្បីជួយសង្គ្រោះអាយុជីវិត កុមារកម្ពុជា ។ លោក បន្តថា បច្ចុប្បន្នមន្ទីរពេទ្យកុមារអង្គរ កំពុងមានភាពមមាញឹកក្នុងការជួយសង្គ្រោះ និងព្យាបាលជំងឺ ដល់កុមារ ដែលកំពុងមានការកើនឡើងឥតឈប់ឈរ ហើយក្នុងនោះមានតម្រូវការព្យាបាល ដោយឯកទេសជំនាញ មានចំនួនកាន់តែច្រើន ដែលជំងឺទាំងនោះមានដូចជា ជំងឺមហារីក តម្រងនោម ប្រព័ន្ធប្រសាទ ជំងឺទារក និងជំងឺមួយចំនួនទៀត ។

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍នាឆ្នាំនេះ ទទួលបានការចូលរួមពីសាធារណជន ក្រុមហ៊ុនឯកជន និងសា្ថប័ននានា ប្រមាណ ១០០០នាក់ ដែលការជិះកង់នេះ ចាប់ផ្តើមចេញពី គ្រឹះស្ថានអង្គរ (នៅផ្លូវ៦០ ម៉ែត្រ) ឆ្ពោះទៅឧទ្យានព្រៃអង្គរ ជាមួយការឆ្លងកាត់ ប្រាសាទបាយ័ន លានជល់ដំរី សំដៅទៅសាលាបឋមសិក្សានគរក្រៅ ដែលជាទីតាំង បញ្ចប់កម្មវិធី បន្ថែមពីនេះ មីជាតិក៏បានចូលរួមផ្តល់ ជាកញ្ចប់អំណោយដល់សិស្សានុសិស្ស នៅសាលាបឋមសិក្សានគរក្រៅផងដែរ ។

ក្នុងនាមជាផលិតផលជាតិ មីជាតិ សូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ចូលរួមគាំទ្រសកម្មភាព សប្បុរសធម៌នានា ក៏ដូចជាផលិត ផលជាតិ ដើម្បីរួមចំណែកលើកកម្ពស់ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ។ ឆ្លើយតបនឹងការគាំទ្រពីសំណាក់ប្រជាពលរដ្ឋកម្ពុជា មីជាតិប្តេជ្ញាចិត្ត បន្តចូលរួមចំណែកក្នុងសកម្មភាពសង្គម និងសប្បុរសធម៌នានា បន្ថែមទៀត ៕









