ព័ត៌មានជាតិ

អភិបាលរង រាជធានីភ្នំពេញ ៣រូបទៀត ត្រូវបានប្រកាសតែងតាំងជាផ្លូវការ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ នេះ អភិបាលរងរាជធានីភ្នំពេញ ចំនួន៣រូបទៀត រួមមាន លោក ឃ្លាំង ហួត, លោក សុខ ពេញវុធ និងលោក ហ៊ុន សុរិទ្ធី ត្រូវបានប្រកាសតែងតាំងជាផ្លូវការ។ ពិធីនេះធ្វើឡើង ក្រោមអធិបតីភាព លោក សក់ សេដ្ឋា រដ្ឋលេខាធិការ ប្រចាំការក្រសួងមហាផ្ទៃ ព្រមទាំងមានការអញ្ជើញចូលរួមពីលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើការណែនាំអោយ អភិបាលរងរាជធានីភ្នំពេញទាំង ៣រូប ដែលត្រូវបានប្រកាសតែងតាំងថ្មីនេះ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការបំពេញការងារ សហការអោយបានល្អ ជាមួយក្រសួង ស្ថាប័ន មន្ទីរពាក់ព័ន្ធ ខណ្ឌទាំង១៤ និងសង្គមស៊ីវិល ។ អនុវត្តការងារដោយឈលើស្មារតី ទទួលខុសត្រូវខ្ពស់ និងមានសាមគ្គីភាពផ្ទៃក្នុងល្អ។

លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំ ការក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកឡើងថា តាមច្បាប់ថ្មី រដ្ឋបាលរាជធានីភ្នំពេញ នឹងត្រូវបន្ថែមអភិបាលរង ចំនួន៤រូបទៀត ដើម្បីបំរើសង្គមជាតិ និងប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ តែពេលនេះយើងបានប្រកាសតែងតាំង ចំនួន៣រូបសិន នៅសល់មួយរូបទៀត យើងនិងរៀបចំឡើងបន្តទៀត។ ដូច្នេះទេ សម្រាប់អភិបាលរងទាំង៣រូប ដែលបានតែងតាំងថ្មីនេះ ត្រូវបំពេញការងារអោយបានល្អ ជូនរដ្ឋបាលរាជធានី ដើម្បីទទួលបានការគាំទ្រ ពីប្រជាពលរដ្ឋ និងដើម្បីធ្វើអោយរាជធានីភ្នំពេញ កាន់តែរីកចំរើន និងកាន់តែមានសោភណ្ឌភាព ។

លោក សក់ សេដ្ឋា ក៏បានធ្វើការណែនាំ អោយរដ្ឋបាលរាជធានីភ្នំពេញ បន្តថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ លើកកំពស់ជីវភាពប្រជាពលរដ្ឋ និងបន្តខិតខំដោះស្រាយបញ្ហា ដែលនៅសេសសល់នៅក្នុងសង្គម ។ ចំពោះកម្លាំងប្រដាប់អាវុធ ក្នុងជួរគណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ ត្រូវបន្តគ្រប់គ្រង សភាពការណ៍ ទប់ស្កាត់បទល្មើសនានាអោយបានល្អ និងបំផុសប្រជាពលរដ្ឋ អោយចូលរួមអនុវត្តធ្វើយ៉ាងណា អោយភូមិ សង្កាត់ មានសុវត្ថិភាព ។

គួរបញ្ជាក់ថា អភិបាលរងរាជធានីភ្នំពេញ កន្លងមកនេះ មានចំនួន៦រូប ក្នុងនោះរួមមាន ៖ លោកកើត ឆែ ,លោក មាន ចាន់យ៉ាដា, លោក ហួត ហៃ ,លោកស្រី កែវ សុខពិសី, លោក ស៊ុយ សេរិទ្ធ និងលោក នួន ផារ័ត្ន ខណៈពេលនេះ ត្រូវបានបន្ថែមអោយមកកាន់តួនាទីនេះ ចំនួន៣រូបបន្ថែមទៀត សរុបចំនួន៩រូប ៕

To Top