ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំដល់អភិបាលរងខណ្ឌ ដែលទើបតែងតាំងថ្មី ត្រូវបម្រើសេវាជូនប្រជាពលរដ្ឋឲ្យអស់ពីលទ្ធភាព ដើម្បីបង្កើនល្បឿនការផ្ដល់សេវាសាធារណៈ ជូនពួកគាត់កាន់តែល្អប្រសើរ ជាពិសេសបំពេញភាពស៊ីវិល័យតាមសេចក្តីត្រូវការ។
នេះជាការណែនាំរបស់អភិបាលរាជធានីភ្នំពេញ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង ខណ្ឌ នាយករដ្ឋបាល ក្នុងរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌនានា នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។
អភិបាលរាជធានីភ្នំពេញបញ្ជាក់ថា ការបង្កើនចំនួនអភិបាលរងខណ្ឌបន្ថែមនាពេលនេះ ពិតជាមានអត្ថប្រយោជន៍ ដើម្បីបង្កើនប្រសិទ្ធភាព បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋបានទាន់ពេលវេលានិងកាន់តែល្អប្រសើរ ទៅតាមសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ រួមទាំងការជីកប្រឡាយ ធ្វើលូ កែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់សេវាសាធារណៈនានាបានកាន់តែសកម្ម លឿនរហ័ស និងប្រកបដោយគុណភាព។
លោកបន្តថា ការបង្កើនប្រសិទ្ធភាពការងារនេះ ជាបំណងប្រាថ្នាចាំបាច់របស់រាជរដ្ឋាភិបាល ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់បំផុតរបស់ប្រទេសស៊ីវិល័យ ខណៈបច្ចុប្បន្នប្រជាជនកម្ពុជា មានភាពស៊ីវិល័យច្រើនសម្រាប់ការរស់នៅប្រចាំថ្ងៃ ។ ដោយឡែកក្នុងរាជធានីភ្នំពេញ ក៏កាន់តែមានភាពស៊ីវិល័យផងដែរ ទាំងការរស់នៅនិងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា។ បន្ថែមពីនេះទៀត តម្រូវការក៏កាន់តែមានភាពឈានឡើង ដូច្នេះការបម្រើសេវាគ្រប់សព្វបែបយ៉ាងក្នុងរាជធានីភ្នំពេញ ក៏ដូចជារដ្ឋបាលខណ្ឌ ត្រូវតែបង្កើនល្បឿននិងប្រសិទ្ធភាព ព្រមទាំងប្រសិទ្ធផល ល្អប្រសើរបន្ថែមទៀត ។
ក្នុងនោះផងដែរ លោក ឃួង ស្រេង ក៏បានណែនាំដល់រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ និងចៅសង្កាត់ទាំងអស់ បន្តខិតខំប្រឹងប្រែងនិងត្រៀមលក្ខណៈដើម្បីបំពេញបន្ថែម សេវាសាធារណៈជូនប្រជាពលរដ្ឋ តាមប្រព័ន្ធអនឡាញ ដើម្បីធ្វើការអភិវឌ្ឍសេវាផ្ដល់សេវា ជូនប្រជាពលរដ្ឋកាន់តែទំនើប ជឿនលឿន និងមានភាពងាយស្រួលបំផុត។
សូមបញ្ជាក់ថា ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខណ្ឌ នាយករដ្ឋបាលក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលខណ្ឌនានា ក្នុងរាធានីភ្នំពេញនាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២នេះ រួមមាន ៖ ការផ្ទេរភារកិច្ចមន្រ្តីរាជការចំនួន១២រូប ជាអភិបាលរងខណ្ឌ តែងតាំងមន្រ្តីរាជការចំនួន៣៦រូប ជាអភិបាលរងខណ្ឌ ផ្ទេរអភិបាលរងខណ្ឌចំនួន៥រូប ទៅបំរើការងារនៅរដ្ឋបាលរាជធានីភ្នំពេញ និងតែងតាំងប្រគល់ភារកិច្ចដល់មន្រ្តីរាជការ ចំនួន១០រូប ជានាយករដ្ឋបាល ក្នុងរចនាសម័្ពន្ធរដ្ឋបាលខណ្ឌនានា នៅរាជធានីភ្នំពេញ ៕