ព័ត៌មានជាតិ

សម្ដេច ស ខេង អំពាវនាវ បណ្ដាប្រទេសជាមិត្ត បន្ដកិច្ចសហការរួមគ្នា ​លុបបំបាត់ កា​រជួញដូរមនុស្ស នៅកម្ពុជា (Video)

ភ្នំពេញ៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គជ.ប.ជ) បានអំពាវនាវដល់សាធារណជនជាតិ-អន្តរជាតិ ស្ថានតំណាងបរទេស និងអាជ្ញាធរពាក់ព័ន្ធ នៃបណ្ដាប្រទេសជាមិត្ត បន្តកិច្ចសហការយ៉ាងសកម្ម និងជិតស្និទ្ធ ដើម្បីបង្ការនិងទប់ស្កាត់ អំពើជួញដូរមនុស្សនៅកម្ពុជា។

យោងតាមសេចក្ដីអំពាវនាវ របស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះ សម្ដេច ស ខេង បានឲ្យដឹងថា ក្នុងរយៈពេលប្រមាណជាងមួយឆ្នាំមកនេះ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានទទួលសំណើ និងពាក្យបណ្ដឹងពីជនបរទេស និងស្ថានតំណាងបរទេស ប្រចាំកម្ពុជាមួយចំនួន ពាក់ព័ន្ធនឹងការស្នើសុំកិច្ចអន្តរាគមន៍ជួយសង្គ្រោះ និងការស្នើសុំស្រាវជ្រាវ ស្វែងរកពលរដ្ឋ ដោយបានអះអាងថា ជាជនរងគ្រោះនៃអំពើជួញដូរ និងរត់ពន្ធមនុស្ស ដែលជាបទល្មើសដ៏ធ្ងន់ធ្ងរមួយ ក្នុងចំណោមឧក្រិដ្ឋកម្មឆ្លងដែន ដែលមានអង្គការចាត់តាំង។

សម្តេចបន្តថា បន្ទាប់ពីបានពិនិត្យយ៉ាងយកចិត្តទុកដាក់ លើសំណើនិងពាក្យបណ្តឹងទាំងនោះ ករណីភាគច្រើន ត្រូវបានអាជ្ញាធរ មានសមត្ថកិច្ចកម្ពុជា បើកប្រតិបត្តិការស្រាវជ្រាវស្វែងរកឃើញ និងជួយសង្គ្រោះបានទាន់ពេលវេលា ព្រមទាំងបានលើកលែង ការផាកពិន័យផ្សេងៗពាក់ព័ន្ធនឹង ស្ថានភាពអន្តោប្រវេសន៍របស់ពួកគ និងបានផ្ដល់ការសម្របសម្រួលនីតិវិធី ដើម្បីបណ្តេញចេញពីកម្ពុជា ស្របតាមការកំណត់នៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ជាក់ស្តែង គិតពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានរកឃើញ និងជួយសង្គ្រោះជនបរទេស ដែលប្រកាសថា ជនរងគ្រោះចំនួន ៨៧ករណី ស្មើនឹងប្រមាណ ៨៦៥នាក់ ព្រមទាំងបានកសាងសំណុំរឿងបញ្ជូនទៅ តុលាការចំនួន១៧ករណី ជនសង្ស័យ សរុបចំនួន ៦០នាក់។

សម្ដេចបន្ថែមថា ដោយឡែក នាសប្ដាហ៍ទី៤ ខែសីហា ឆ្នាំ២០២២ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានបើកកិច្ចប្រតិបត្តិការ ជួយសង្គ្រោះជនរងគ្រោះ សរុបចំនួន៧ករណី ដោយបានសង្គ្រោះជនរងគ្រោះ សរុបចំនួន ២៥នាក់ (មាន ៦ សញ្ញាតិ) និងឃាត់ខ្លួនជនសង្ស័យ សរុបចំនួន ២៣នាក់ (មាន ៤ សញ្ញាតិ) នៅក្នុងខេត្តព្រះសីហនុ ខេត្តពោធិ៍សាត់ ខេត្តស្វាយរៀង និងខេត្តឧត្តរមានជ័យ។ ក្រៅពីនេះ មានករណីសេសសល់បន្ថែមទៀត ដែលអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា កំពុងបន្តស្រាវជ្រាវ ដើម្បីសង្គ្រោះ និងបង្ក្រាប។

សម្តេចបញ្ជាក់បន្ថែមថា ផ្អែកតាមលទ្ធផលនៃការស្រាវជ្រាវ និងសួរចម្លើយ រកឃើញថា ពលរដ្ឋបរទេសទាំងនោះ មួយចំនួនធំត្រូវបានក្រុមឧក្រិដ្ឋជន ដែលមានមេក្លោងនៅក្នុងប្រទេសរបស់ខ្លួន និងមានបក្សពួកនៅកម្ពុជា ប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ធ្វើការឆបោកឲ្យឆ្លងដែន ដោយខុសច្បាប់ចូលមក កម្ពុជា ក្រោមការសន្យាផ្តល់ការងារ ដែលទទួលបានប្រាក់ឈ្នួលខ្ពស់។

សម្តេច ស ខេង សង្ឃឹមយ៉ាងមុតមាំថា «សាធារណជនជាតិ-អន្តរជាតិ ស្ថានតំណាងបរទេស និងអាជ្ញាធរពាក់ព័ន្ធន បណ្តាប្រទេសជាមិត្ត នឹងបន្តផ្តល់កិច្ចសហការយ៉ាងសកម្ម និងជិតស្និទ្ធ ដើម្បីរួមគ្នាលុបបំបាត់ឧក្រិដ្ឋកម្មនេះ សំដៅការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ»៕

To Top