ព័ត៌មានជាតិ

ក្រុម១៥៧ សាខាខេត្តកំពង់ឆ្នាំង ផ្ដល់អំណោយជូនសិស្សានុសិស្សក្រីក្រ ចំនួន ៨៤នាក់ ស្ថិតនៅស្រុករលាប្អៀរ  

 ភ្នំពេញ៖លោក កែវ សុវណ្ណារ៉ា ប្រធានកិត្តិយសសមាគមចលនាយុវជនកម្ពុជា (ក្រុម ១៥៧) សាខាខេត្តកំពង់ឆ្នាំង ,លោក គូរ ដារាប្រធានប្រតិបត្តិខេត្ត និងលោកស្រី ហែម សុវណ្ណនី ជាអនុប្រធានសមាគម នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២នេះបានដឹកនាំសមាជិកសមាជិកា ច.យ.ក (ក្រុម១៥៧) ថ្នាក់ខេត្ត/ក្រុង/ស្រុក ផ្ដល់អំណោយជូនក្មួយៗសិស្សានុសិស្សក្រីក្រ ចំនួន ៨៤នាក់ និងលោកគ្រូអ្នកគ្រូ នៅសាលាបឋម សិក្សា កងមាស ស្ថិតនៅភូមិកងមាស ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និងអមដំណើរការអញ្ជើញចូលរួមជាវត្តមានដ៏វិសេសពីសំណាក់ លោកស្រីបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡានិងជាក្រុមការងារផងដែរ។ 

សិស្សក្រីក្រទាំង ៨៤នាក់ ម្នាក់ៗទទួលបាន៖

    -សៀវភៅសរសេរ ១០ក្បាល-ប៊ិក ៣ដើម-ខ្មៅដៃ ២ដើម-បន្ទាត់ ១ដើម-ជ័រលុប ១ដុំនិងថវិកា ៦,០០០រៀល។

    -សិស្សក្រីក្រផ្ទះឆ្ងាយសាលា ចំនួន ៣នាក់ ទទួលបានកង់ម្នាក់ ១គ្រឿងបន្ថែម និងថវិកាបន្ថែម ២០,០០០រៀល។

    -លោកគ្រូអ្នកគ្រូ ៤នាក់ ស្រី ៣នាក់ ម្នាក់ៗទទួលបានថវិកា ៤០,០០០រៀល។

    -ក្រុមការងារគណបក្សប្រជាជនកម្ពុជា ឃុំគោកបន្ទាយ ចំនួន ០៦នាក់ និងលោកមេឃុំ ម្នាក់ៗទទួលបានថវិកា ៤០,០០០៛។

លោកស្រីបណ្ឌិត បានឧបត្ថម្ភសិស្សពូកែ ចំណាត់ថ្នាក់លេខ១ ដល់លេខ៣  ១៨នាក់ ម្នាក់ៗថវិកា ១០,០០០៛ និងជួយចាក់ដីបំពេញទីធ្លាសាលាចំនួន១០ឡាន ស្មើនឹង ៦០០,០០០៛ រួមជាមួយនឹងអាហារសម្រន់ នំប៉័ង ទឹកដោះគោជូនអង្គពិធី។

បន្ទាប់ពីលោកស្រីនាយិកាសាលាបានមានមតិស្វាគមន៍ និងថ្លែងអំណរគុណរួចមក លោកប្រធានកិត្តិយស និងលោកប្រធានប្រតិបត្តិសមាគម បានមានមតិសំណេះសំណាលផ្ដាំផ្ញើការសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ និងបានថ្លែង អំណរគុណដល់ការយកចិត្តទុកដាក់ពីសំណាក់លោកជំទាវបណ្ឌិត និងក្រុមការងារ លោកស្រីនាយិកា លោកគ្រូ អ្នកគ្រូ អាជ្ញាធរឃុំ និងក្រុមការងារគណបក្សឃុំ ព្រមទាំងបងប្អូនក្នុងសមាគម ច.យ.ក (ក្រុម១៥៧) ទូទាំងខេត្ត និងបានលើកទឹកចិត្តក្មួយៗ សិស្សា នុសិស្សឱ្យខំសិក្សារៀនសូត្រ កុំបោះបង់ការសិក្សាឱ្យសោះ និងត្រូវចេះរក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួន។ 

លោកស្រីបណ្ឌិតក៏បានសំណេះសំណាលផ្ដាំផ្ញើការសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ និងបានកោតសរសើរនូវទឹកចិត្តដ៏ថ្លៃថ្លា នៃការចូលរួមរបស់សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តកំពង់ឆ្នាំង រួមជាមួយអាជ្ញាធរដែនដី និងលោកគ្រូ អ្នកគ្រូ ដែលជាជំហរមួយជួយឲ្យវិស័យអប់រំកាន់តែមានប្រសិទ្ធភាព ជាពិសេសការយកចិត្តទុកដាក់ទៅលើកុមារដែលជាទំពាំងស្នងឫស្សី និងជាអនាគតរបស់ប្រទេសជាតិយើង។

លោកស្រីក៏បានផ្ដាំផ្ញើឲ្យគ្រប់គ្នាត្រូវស្រឡាញ់សន្តិភាព រួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍប្រទេសជាតិយើងឲ្យមានភាពសម្បូររុងរឿង។

To Top