ព័ត៌មានជាតិ

កម្ពុជា នឹងវាយតម្លៃការសិក្សារបស់សិស្ស ដើម្បីពង្រឹងកិច្ចខិតខំ ប្រឹងប្រែងស្ដារឡើងវិញ ក្រោយជំងឺរាតត្បាតកូវីដ

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចូលរួមក្នុងកម្មវិធី វាយតម្លៃសិស្សអន្តរជាតិ (PISA) ជាជំហានដ៏សំខាន់ឆ្ពោះទៅរក ការស្វែងយល់អំពីលទ្ធផល សិក្សារបស់សិស្សានុសិស្ស ដោយពិនិត្យយ៉ាងយកចិត្តទុកដាក់ លើចំណេះដឹង ដែលអ្នកសិក្សាបានចេះដឹង ដោយវាស់វែងទៅលើការត្រៀមខ្លួន របស់យុវជនកម្ពុជាសម្រាប់ពេលអនាគត និងដោយតម្រង់ទិសកិច្ចខិតខំប្រឹងប្រែង ស្ដារឡើងវិញក្រោយជំងឺរាតត្បាតកូវីដ-១៩។

យោងតាមសេចក្ដីប្រកាសព័ត៌មានរួម របស់មូលនិធិភាពជាដៃគូ សម្រាប់អភិវឌ្ឍន៍សមត្ថភាពវិស័យអប់រំ (CDPF lll) នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២បានឲ្យដឹងថា ការស្វែងយល់អំពីកម្រិត សិក្សាបច្ចុប្បន្នរបស់កុមារ ពិតជាអាចជួយដល់ អ្នកពាក់ព័ន្ធក្នុងវិស័យអប់រំ អាចវាស់វែងបាននូវវឌ្ឍនភាព ទៅតាមកាលវេលា ប៉ុន្តែចំណុចសំខាន់ជាងនេះទៀតនោះ បានផ្ដល់នូវទិន្នន័យផ្អែកលើភស្តុតាង សម្រាប់អ្នកធ្វើសេចក្តីសម្រេចចិត្ត ដើម្បីគាំទ្រកាន់តែ ប្រសើរដល់សាលារៀន គ្រូបង្រៀន និងសិស្សានុសិស្ស នៅក្នុងការផ្តល់ទិសដៅ និងបង្ហាញមាគ៌ាស្តារការ សិក្សាឡើងវិញ ហើយជាលទ្ធផលគឺ សំដៅទៅរកការបង្រៀន និងការរៀនសូត្រនាពេលអនាគត ដ៏មានគុណភាព ប្រសើរជាងមុន។

លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា «កម្ពុជាមានសេចក្ដីសោមនស្សរីករាយ ដែលបានចូលរួមក្នុងក្របខ័ណ្ឌ វាយតម្លៃជាសាកលនេះ។ យើងរំពឹងទុក នូវការយល់ដឹងកាន់តែប្រសើរ អំពីកម្រិតការសិក្សារបស់សិស្សានុសិស្ស ព្រោះវាមានសារៈសំខាន់ណាស់ ដើម្បី ធានាថាអន្តរាគមន៍នានារបស់យើង នឹងធ្វើឡើងចំគោលដៅយ៉ាងត្រឹមត្រូវ»។

លោករដ្ឋមន្ដ្រីបន្ដថា ក្រសួង កំពុងវិនិយោគជាច្រើន លើការសិក្សារបស់សិស្សនៅថ្នាក់ដំបូង លើកកម្ពស់ជំនាញគ្រូបង្រៀន និងការអប់រំតាម ឌីជីថល ដែលការវិនិយោគទាំងអស់នេះ នឹងជួយឲ្យជំនះបញ្ហាប្រឈមនានា ចំពោះការសិក្សាដែលបង្កឡើង ដោយការបិទសាលារៀន ដោយសារជំងឺកូរីដ-១៩។

លោកស្រី ខាម៉ិន ម៉ូរ៉េណូ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា បានថ្លែងថា «ទិន្នន័យ និងការ ស្រាវជ្រាវប្រកបដោយគុណភាព គឺមានសារសំខាន់ណាស់សម្រាប់ ការរៀបចំគោលនយោបាយល្អ។ យើងពិតជាអាចដោះស្រាយបញ្ហាបាន នៅពេលយើងអាចកំណត់ដឹង ពីបញ្ហាទាំងនោះបានច្បាស់លាស់។ ទិន្នន័យជា ពិសេសការស្រាវជ្រាវដែលអាច ប្រៀបធៀបគ្នាបានជាមួយប្រទេសផ្សេងៗ អាចជួយយើងនៅក្នុងការស្វែងយល់ អំពីបញ្ហានានាកាន់តែប្រសើរឡើង»។

លោកស្រី បេខា ប្លែក នាយិកាបេសកកម្ម ស្ដីទីរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) បានបញ្ជាក់ថា កម្មវិធីវាយតម្លៃ PISA ពិតជា បំពេញបន្ថែមឱ្យការវាយតម្លៃ អំណានថ្នាក់ដំបូងយ៉ាងប្រសើរ ដែល USAID បាននឹងកំពុងអនុវត្តការវាយតម្ល នេះជាមួយនឹងអ្នកជំនាញកម្ពុជា ដើម្បីពិនិត្យមើលការសិក្សា របស់សិស្សានុសិស្សនៅថ្នាក់បឋមសិក្សា។

លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ នាយិកាយូនីសេហ្វប្រចាំកម្ពុជា បានឲ្យដឹងថា ការវិនិយោគលើការអប់រំ ជាពិសេសការចាត់វិធានការសមស្រប និងបន្ទាន់ ដើម្បីឆ្លើយតបនឹងការបាត់បង់ការសិក្សា ធ្ងន់ធ្ងររបស់កុមារ ដោយសារការរឹតត្បិតនានា បណ្តាលមកពីជំងឺកូវីដ គឺមានសារៈសំខាន់ណាស់ ដើម្បីទប់ស្កាត់ និងស្ដារស្ថានភាពឲ្យប្រសើរឡើងវិញ ៕

To Top