ព័ត៌មានជាតិ

ជនបរទេសស្នាក់នៅកម្ពុជា ចាប់ពី ២ឆ្នាំឡើងទៅ អាចស្នើសុំបណ្ណ ចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទ កោះកែរ ដោយមិនបង់ថ្លៃ

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យជនបរទេស ស្នាក់នៅកម្ពុជា ចាប់ពី ២ឆ្នាំឡើងទៅ អាចស្នើសុំបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ រយៈពេលមួយឆ្នាំម្ដង ដោយមិនបង់ថ្លៃ។

យោងតាមសេចក្ដី ជូនដំណឹងរបស់គ្រឹះស្ថានអង្គរ នាថ្ងៃទី១ កញ្ញា បានឲ្យដឹងថា «ដើម្បីជំរុញទេសចរណ៍ផ្ទៃក្នុង ក៏ដូចជាផ្តល់ការលើកទឹកចិត្ត ដល់ជនបរទេស ដែលស្នាក់នៅ ក្នុងកម្ពុជា រាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាត ផ្តល់ជូនដល់ជនបរទេសទាំងអស់ ដែលបាននិងកំពុងស្នាក់នៅ ក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពីពីរឆ្នាំឡើងទៅ រួមមាន មន្ត្រីការទូត, វិនិយោគិន, មន្ត្រីធ្វើការនៅអង្គការអន្តរជាតិ, ជនបរទេសធ្វើការនៅក្រុមហ៊ុន និងសហគ្រាសឯកជនគ្រប់ប្រភេទ, អ្នកជំនាញការធ្វើការនៅតាមក្រសួង ស្ថាប័នរដ្ឋ និងឯកជន រួមទាំងក្រុមគ្រួសារដែលបានស្នាក់នៅជាមួយ អាចស្នើសុំបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែររយៈពេលមួយឆ្នាំម្តង ដោយមិនបង់ថ្លៃចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ តទៅ»។

ចំពោះបែបបទ នៃការស្នើសុំបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែររយៈពេលមួយឆ្នាំម្តង ដោយមិនបង់ថ្លៃ អាចធ្វើតាមប្រព័ន្ធអនឡាញ (តាមរយៈគេហទំព័រ គ្រឹះស្ថានអង្គរ ឬគេហទំព័រ spass.angkorenterprise.gov.kh) ចាប់ពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ ឬ មកដាក់ពាក្យ ដោយផ្ទាល់ នៅគ្រឹះស្ថានអង្គរ ក្នុងពេលម៉ោងធ្វើការ និងត្រូវភ្ជាប់មកជាមួយនូវលិខិតឆ្លងដែន ច្បាប់ថតចម្លង និងទិដ្ឋាការស្នាក់នៅ ក្នុងប្រទេសកម្ពុជា រយៈពេលចាប់ពីពីរឆ្នាំ ឡើងទៅចំនួនមួយច្បាប់ និងរូបថត ៤គុណ៦ រយៈពេល៦ខែចុងក្រោយ ចំនួនមួយសន្លឹកចាប់ ពីថ្ងៃប្រកាសនេះតទៅ៕

To Top