ព័ត៌មានជាតិ

កម្ពុជា-ចិន គ្រោងធ្វើសមយុទ្ធបាញ់គ្រាប់ពិត ទ្រង់ទ្រាយធំជាងមុន ក្រោយខានដោយសារកូវីដ (Video)

ភ្នំពេញ ៖ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានបញ្ជាក់ជាថ្មីម្តងទៀតថា កងទ័ពកម្ពុជានិងកងទ័ពរំដោះប្រជាជនចិន នឹងពិភាក្សាគ្នា រៀបចំធ្វើសមយុទ្ធបាញ់គ្រាប់ពិត ទ្រង់ទ្រាយធំ ជាងមុន បន្ទាប់ពីភាគីទាំងពីរ បានអាក់ខានមួយរយៈដោយសារតែបញ្ហាកូវីដ១៩។ ប៉ុន្តែសម្រាប់កាលបរិច្ឆេទ នៃការរៀបចំសមយុទ្ធនេះ សម្តេចមិនបានបញ្ជាក់ឲ្យច្បាស់នៅឡើយនោះទេ ។ នេះបើយោងតាមការចុះផ្សាយរបស់នាយកដ្ឋានព័ត៌មានក្រសួងការពារជាតិ។

ប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីចូលរួមពិធីប្រគល់ និងទទួលរថយន្ត ១៥០គ្រឿង និងសម្ភារជាច្រើនទៀត ជាជំនួយឥតសំណងរបស់ក្រសួងការពារជាតិចិន ជូនក្រសួងការពារជាតិកម្ពុជា នាថ្ងៃ១ កញ្ញា សម្តេច ទៀ បាញ់ បញ្ជាក់ថា “ច្បាស់ណាស់ យើងកំពុងតែស្ថិតនៅក្នុងសភាពពិគ្រោះគ្នាដែរ (សមយុទ្ធ) ហើយបើធ្វើលំហាត់សមយុទ្ធ ជាមួយសាធារណប្រជាមានិតចិន លើកនេះ គឺអាចនឹងធ្វើទ្រង់ទ្រាយធំ ហើយមានលក្ខណៈចម្រុះ ថែមទៀត អាចពង្រីកឲ្យមានទាំងជើងទឹកផងដែរ”។

សម្តេច ទៀ បាញ់ បានឲ្យដឹងថា ការធ្វើសមយុទ្ធរួមគ្នារវាងកងទ័ពកម្ពុជា-ចិន ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកងទ័ពកម្ពុជា និងចិនឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ហើយក៏ដើម្បីលើកកម្ពស់សមត្ថភាពរបស់កងទ័ពកម្ពុជាកាន់តែល្អប្រសើ ស្របទៅតាមការកែទម្រង់ របស់ក្រសួងការពារជាតិកម្ពុជា។

សម្ដេចបញ្ជាក់ថា ប្រសិនបើមានបណ្តាប្រទេសជាមិត្តណា ចង់រៀបចំលំហាត់សមយុទ្ធ ជាមួយកងទ័ពកម្ពុជា ដោយចំណាយផ្សេងៗ ដូចកងទ័ពរំដោះប្រជាជនចិន ដើម្បីបម្រើឲ្យសមយុទ្ធនោះ កម្ពុជានឹងស្វាគមន៍ជានិច្ច។

សម្ដេចបន្ថែមថា លំហាត់សមយុទ្ធនាគមាស រវាងកងយោធពលខេមរភូមិន្ទ ជាមួយកងទ័ពរំដោះប្រជាជនចិន បានរៀបចំឡើងនៅលើទឹកដីកម្ពុជា ចំនួនលើកទី៤មកហើយ ចាប់តាំងពីឆ្នាំ២០១៦មក ប៉ុន្តែសមយុទ្ធនេះ បានអាក់ខានទៅវិញ បន្ទាប់ពីផ្ទុះឡើងនូវការរាតត្បាតជំងឺកូវីដ១៩៕

To Top