ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា មន្រ្តីមានសមត្ថកិច្ច ត្រូវខិតខំដោះស្រាយបញ្ហា ប្រជាពលរដ្ឋឲ្យអស់ពីលទ្ធភាព មិនត្រូវកប់ទុកបញ្ហា ចោលនោះទេ ។
ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែតាំងមុខតំណែងអគារធិការ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ សម្ដេច ស ខេង បានណែនាំអគ្គាធិការដ្ឋានថ្មី ត្រូវខិតខំប្រមូល និងទទួលយកសំណើសំណូមពរ និងក្ដីកង្វល់នានា របស់ប្រជាពលរដ្ឋ ដែលពាក់ព័ន្ធនឹង សមត្ថកិច្ចក្រសួងមហាផ្ទៃ ទោះមានប្រភពចេញ ពីប្រជាពលរដ្ឋផ្ទាល់ ឬចេញពីប្រព័ន្ធផ្សព្វផ្សាយ និងមកតាមច្រកណាក៏ដោយ។
សម្ដេចណែនាំបន្ថែមថា អគាធិការថ្មី និងរដ្ឋលេខាធិការទទួលបន្ទុក បង្កើនការយកចិត្តទុកដាក់ដោះស្រាយ បញ្ហានេះឲ្យបានលឿនរហ័ស និងប្រកបដោយប្រសិទ្ធភាព ដ្បិតមានបណ្ដឹង សំណើរ សំណូមពរជាច្រើនទៀតនៅមិនទាន់ បានដោះស្រាយចប់នៅឡើយ។ សម្ដេចថា រាល់បណ្ដឹងសំណើរ សំណូមពររបស់ប្រជាពលរដ្ឋ ឬសាធារណៈមតិ គឺជាកញ្ចក់ដ៏ភ្លឺថ្លាសម្រាប់មន្រ្តីឆ្លុះ មើលបញ្ហាដើម្បីកែលម្អរ។
សម្ដេចបញ្ជាក់ថា «ប្រសិនបើករណីណាមួយមិនមែនជារឿងពិត មន្រ្តីមានសមត្ថកិច្ចក៏អាចបោះបង់ចោលឬបំភ្លឺថាវាមិនមែនជាការពិតនោះទេ ប៉ុន្តែប្រសិនបើបញ្ហានោះគឺជាបញ្ហាពិត មន្រ្តីមានសមត្ថកិច្ចត្រូវខិតខំដោះស្រាយ ឲ្យអស់ពីលទ្ធភាព មិនត្រូវកប់ទុកបញ្ហាចោលឡើយ»។
នាឱកាសនោះ សម្ដេច ស ខេងបានលើកឡើង អំពីកិច្ចប្រតិបត្តិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលនៅក្នុងរយៈពេលចុងក្រោយនេះ ក្រសួងមហាផ្ទៃបានទទួលបណ្ដឹងចំនួន១១៧ករណី ។ សម្ដេច បានសង្កត់ធ្ងន់ថា រាល់កិច្ចប្រតិបត្តិការត្រូវតែប្រកាន់ យកគោលការណ៍សំខាន់ៗ៣ គឺសង្គ្រោះជនរងគ្រោះ បង្ក្រាបទីតាំងខុសច្បាប់ និង ផ្ដន្ទាទោសជនល្មើស ។ សម្ដេច បញ្ជាក់ជាថ្មីទៀតថា បញ្ហាជួញដូរមនុស្សជាបញ្ហា ដែលអន្តរជាតិយកចិត្តទុកដាក់ ហើយកម្ពុជាក៏ត្រូវយកចិត្ត ទុកដាក់ឲ្យបានខ្លាំងក្លាដែរ ៕