ព័ត៌មានជាតិ

សិក្ខាសាលា ផ្សព្វផ្សាយច្បាប់ និងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិ ពាក់ព័ន្ធនឹងការធ្វើធុរកិច្ចប្រេងឥន្ធនៈ និងម្ហូបអាហារ នៅរាជធានីភ្នំពេញ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៨ និងទី៩ ខែកញ្ញា ឆ្នាំ២០២២ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សហការជាមួយរដ្ឋបាល រាជធានីភ្នំពេញ បានរៀបចំសិក្ខា សាលាផ្សព្វផ្សាយ «ច្បាប់ និងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ នឹងការធ្វើធុរកិច្ចប្រេងឥន្ធនៈ និងម្ហូបអាហារ ជូនដល់អាជីវករដែលជាម្ចាស់ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈ និងប្រតិបត្តិករអាជីវកម្មម្ហូបអាហារ នៅទូទាំងរាជធានីភ្នំពេញ ។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើង នៅសាលប្រជុំរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងលោក ហួត ហៃ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពី លោក លោកស្រី ដែលអញ្ជើញមកពីអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ តំណាងមន្ទីរ អង្គភាព ជុំវិញរាជធានីភ្នំពេញ និងពាណិជ្ជករ ដែលប្រកបអាជីវកម្មវិស័យ ប្រេងឥន្ធនៈប្រមាណ១៩០នាក់ និងប្រតិបត្តិករ អាជីវកម្មម្ហូបអាហារចំនួន ១២០នាក់ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ ។

ថ្លែងក្នុងពិធីបើកសិក្ខាសាលា លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃ អគ្គនាយកដ្ឋាន ក.ប.ប. បានជម្រាបថាគោលបំណង នៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីបញ្រ្ជាបការយល់ដឹងផ្នែកច្បាប់ សិទ្ធិអំណាចរបស់មន្រ្តីស៊ើបអង្កេត សិទ្ធិរបស់អ្នកប្រើប្រាស់ និងកាតព្វកិច្ចរបស់ធុរជន ។

សិក្ខាសាលាផ្សព្វផ្សាយនាថ្ងៃនេះ គឺជាវេទិកាមួយដ៏មានសារៈសំខាន់ ដែលមិនត្រឹមតែផ្តល់នូវការយល់ដឹង ផ្នែកច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ពិសេសច្បាប់ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និង ច្បាប់ស្តីពីសុវត្ថិភាព ម្ហូបអាហារប៉ុណ្ណោះទេ តែនៅផ្តល់ឱកាសឱ្យសមត្ថកិច្ច ដែលជាមន្ត្រីអនុវត្តច្បាប់ និងធុរជន ដែលជាអាជីវករ ប្រកប អាជីវកម្មក្នុងវិស័យប្រេងឥន្ធនៈ និងប្រតិបត្តិករអាជីវកម្មម្ហូបអាហារ ក្នុង ការផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ លើកឡើងអំពីបញ្ហា ប្រឈម និងសំណូមពរ ដើម្បីរួមគ្នាដោះស្រាយ ក្នុងគោលបំណងជំរុញនិង លើកកម្ពស់ការអនុវត្តច្បាប់ ពិសេសច្បាប់ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅការពារផលប្រយោជន៍អ្នកប្រើប្រាស់ លើកកម្ពស់ការប្រកួតប្រជែងប្រកបដោយសមធម៌និងយុត្តិធម៌ ការការពារ សុខុមាលភាព ប្រជាពលរដ្ឋ និងជំរុញឱ្យខឿន សេដ្ឋកិច្ចជាតិរីកចម្រើនទៅមុខ ។ ការអនុវត្តច្បាប់នេះប្រកបដោយប្រសិទ្ធភាព នឹងជំរុញមាន ការការពារ ដល់សិទ្ធិនិងផលប្រយោជន៍ របស់អ្នកប្រើប្រាស់ បង្កើនបាននូវទំនុកចិត្តរវាងអ្នកប្រើប្រាស់និងធុរជន ធ្វើឱ្យសង្គមមានសុខដុមនីយកម្ម ព្រមទាំងមានការអភិវឌ្ឍ សេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ៕

To Top