ព័ត៌មានជាតិ

ប្រធានរដ្ឋសភាខ្មែរ និងនាយករដ្ឋមន្រ្តីវៀតណាម បេ្តជ្ញាជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មឲ្យកើនឡើង

ភ្នំពេញ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងលោក ផាម ម៉ិញជិញ នាយករដ្ឋមន្រ្តីវៀតណាម បេ្តជ្ញារួមគ្នា ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម ឲ្យកាន់តែកើនឡើងទ្វេដង ។

ក្នុងជំនួបពិភាក្សាទ្វេភាគី កាលពីថ្ងៃ១៣ កញ្ញា នៅវៀតណាម សម្តេច ហេង សំរិន និងលោក ផាម ម៉ិញជិញ បានលើកឡើងពីសារៈសំខាន់ នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើ គ្រប់វិស័យរវាងប្រទេសទំាងពីរថា បានផ្តល់ផលប្រយោជន៍ ដល់ប្រជាជនទំាងសងខាង។

សម្តេចប្រធានរដ្ឋសភា និងលោក ផាម ម៉ិញជិញ ក៏បានប្តេជ្ញាចិត្តរួមគ្នា ក្នុងការជំរុញទំនាក់ទំនងរវាងបក្ស រដ្ឋ និងប្រជាជននៃប្រទេសទំាងពីរ ឲ្យកាន់តែរឹងមាំថែមទៀត ជាពិសេសរួមគ្នាអនុវត្តរាល់ កិច្ចព្រមព្រៀងដែលមានស្រាប់ ឲ្យកាន់តែមានប្រសិទ្ធភាព ចំណុចណាបានអនុវត្តល្អ បន្តខិតខំឲ្យកាន់តែល្អ ចំណុចណាពុំទាន់មានលទ្ធផលល្អ នឹងខិតខំធ្វើឲ្យប្រសើរឡើងទៀត។

ក្នុងជំនួបនោះ លោកនាយករដ្ឋមន្រ្តីវៀតណាម បានស្នើសម្តេចប្រធានរដ្ឋសភា បន្តគំាទ្រនិងជំរុញវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចប្រទេសទំាងពីរ ឲ្យកាន់តែមានកំណើនឡើង ខណៈឆ្នាំ២០២១ ទំហំពាណិជ្ជកម្ម កម្ពុជា-វៀតណាម មានទឹកប្រាក់ប្រមាណ ១០ពាន់លានដុល្លារ ហើយក្នុងរយៈពេល ៧ខែ ឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មសម្រេចបាន ៧ពាន់លានដុល្លារទៅហើយ ។

លោក ផាម ម៉ិញជិញ បានប្រាប់ថា បច្ចុប្បន្នមានគម្រោងវិនិយោគ របស់វៀតណាមចំនួន១៨៨ កំពុងវិនិយោគនៅកម្ពុជា។

ជាមួយគ្នានោះដែរ លោក ផាម ម៉ិញជិញ ក៏បានដឹងទៀតពីគម្រោង បំពេញទស្សនកិច្ចរបស់លោកនៅកម្ពុជា នាខែវិច្ឆិកា ស្របពេលកម្ពុជារៀបចំ កិច្ចប្រជុំកំពូលអាស៊ាន ប្រចាំឆ្នាំ២០២២ ៕

To Top