ព័ត៌មានជាតិ

កម្ពុជា ជឿជាក់ថា អាស៊ាន នឹងបន្តដំណើរទៅមុខដោយភាពរឹងមាំ ដើម្បីជម្នះរាល់បញ្ហាប្រឈមនានា

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា មានការជឿជាក់ថា អាស៊ាន នឹងបន្តធ្វើដំណើរទៅមុខប្រកបដោយភាពរឹងមាំ សាមគ្គីភាព និងមិត្តភាព ដើម្បីជម្នះរាល់បញ្ហាប្រឈមនានា និងការកសាងសហគមន៍អាស៊ាន ប្រកបដោយបរិយាប័ន្នយ៉ាងពិតប្រាកដ។

ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងសៀមរាប នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោថ្លែងថា «ខ្ញុំជឿជាក់ថា អាស៊ាន នឹងបន្តធ្វើដំណើរទៅមុខ ប្រកបដោយភាពរឹងមាំ សាមគ្គីភាព និងមិត្តភាព ដើម្បីជម្នះរាល់បញ្ហាប្រឈមនានា និងការកសាងសហគមន៍អាស៊ាន ប្រកបដោយបរិយាប័ន្ន យ៉ាងពិតប្រាកដស្របតាម ស្មារតីស្នូលរបស់អាស៊ាន គឺចក្ខុវិស័យមួយ, អត្តសញ្ញាណមួយ និងសហគមន៍តែមួយ និងឈរលើជំហរនៃ ការឯកភាពគ្នាសម្រាប់កិច្ច សហប្រតិបត្តិការ និងដើម្បីផលប្រយោជន៍ទៅវិញទៅមក ជាពិសេសប្រយោជន៍រួមរបស់ ប្រជាជន និងតំបន់របស់យើង»។

នាឱកាសនោះ សម្ដេចតេជោលើកឡើងទៀតថា កម្ពុជាមានកិត្តិយស ក្នុងនាមជាប្រធានអាស៊ាន ឆ្លាស់វេនឆ្នាំ២០២២ និងជាម្ចាស់ផ្ទះទទួលរៀបចំ កិច្ចប្រជុំសំខាន់ៗនានា ក្រោមសសរស្ដម្ភសហគមន៍ សេដ្ឋកិច្ចអាស៊ាន ជាពិសេស កិច្ចប្រជុំរដ្ឋមន្ត្រី សេដ្ឋកិច្ចអាស៊ានលើកទី ៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ។

សម្ដេចតេជោ គាំទ្រ និងជឿជាក់លើគោលការណ៍គ្រឹះនានា មានចែងក្នុងធម្មនុញ្ញរបស់អាស៊ាន ជាពិសេស ការឯកភាពជាឯកច្ឆន្ទ និងមជ្ឈភាពអាស៊ាន គឺជាមូលដ្ឋានដ៏សំខាន់ សម្រាប់យន្តការនានា ដែលដឹកនាំដោយអាស៊ាន ក្នុងគោលដៅរក្សាសន្តិភាព, ស្ថិរភាព, សន្តិសុខ និងការអភិវឌ្ឍ នៅក្នុងតំបន់ និងពិភពលោក។

សម្ដេចតេជោបញ្ជាក់ថា កម្ពុជាបន្តគាំទ្រការធ្វើសមាហរណកម្ម ក្នុងអាស៊ានបន្ថែមទៀត និងធ្វើសមាហរណកម្មជាមួយ ប្រទេសជាដៃគូសេដ្ឋកិច្ចតំបន់ និងសកលលោក តាមរយៈកិច្ចសហការ និងការចូលរួមវិភាគទានជាមួយ បណ្តារដ្ឋជាសមាជិកអាស៊ានទាំង ៩ទៀត ក្នុងការកសាងសហគមន៍អាស៊ាន ជាពិសេសសហគមន៍សេដ្ឋកិច្ចអាស៊ាន ស្របតាមផែនការ លម្អិតសហគមន៍សេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០២៥ និងការពង្រឹងកិច្ចសន្ទនា ជាមួយដៃគូខាងក្រៅ ៕

To Top