ព័ត៌មានជាតិ

លោកនាយកវិទ្យាល័យសេរីភាព ក្រុងតាខ្មៅ និងអាណាព្យាបាលសិស្ស យល់ព្រមបញ្ចប់រឿងដោយសន្តិវិធី

ភ្នំពេញ ៖ បន្ទាប់ពីបែកធ្លាយវីដេអូរឿងរ៉ាវ លោក នាយកសាលាសេរី ក្រុងតាខ្មៅ ប្រើប្រាស់ហិង្សាលើសិស្សរបស់ខ្លួនដែលមិនបានគោរពវិន័យសាលា បានធ្វើឲ្យមានផ្ទះការវែកញ៉ែក ចែករំលែកទស្សនៈរៀងៗខ្លួន មានទាំងយល់ស្របទង្វើរបស់លោនាយក ហើយក៏មានការមិនពេញចិត្តចំពោះការប្រើប្រាស់កម្លាំងបាយ ក្នុងការអប់រំដល់សិស្សានុសិស្សនោះ បានឈានមកដល់ទីបញ្ចប់ហើយ ក្រោយត្រូវរ៉ូវគ្នារវាងលោកនាយក និងអាណាព្យាបាលសិស្ស។

ក្រោយហេតុការណ៍នេះ មានការជជែកដេញដោលជាខ្លាំងពីសំណាក់មហាជនរួចមកនោះ ក៏ឃើញមានការ ចេញមុខបកស្រាយពីហេតុការណ៍ខាងលើនេះ រៀងៗខ្លួនពីសំណាក់លោកនាយកផ្ទាល់ ក៏ដូចជាអាណាព្យាបាលផ្ទាល់ផងដែរ តែយ៉ាងណាមិញ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនបានធ្វើការដកស្រង់ការបកស្រាយទាំងនោះឡើយ ប៉ុន្តែកាលពីអាធ្រាត្រយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ លោក រស់ សុវាចា អ្នកពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលថា ភាគីទាំងពីរបានឯកភាពគ្នា៤ចំណុច ដើម្បីបញ្ចប់រឿងដោយសន្តិវិធី ដោយគ្មានការប្តឹងផ្តល់ ឬគុំគួនគ្នាឡើយ ។

លោក រស់ សុវាចា បានថ្លែងថា “គណៈគ្រប់គ្រងវិទ្យាល័យ សេរីភាព ក្រុងតាខ្មៅ ខេត្តកណ្តាល បានជួបប្រជុំជាមួយអ្នកអាណាព្យាបាល និងសិស្ស ក្នុងហេតុការណ៍ ដើម្បីសម្រប់សម្រួល ហើយទទួលបាន ៤ចំណុច” ។

ខាងក្រោមនេះជាការឯកភាពពីសំណាក់ភាគីទាំងសងខាង៖
ទី១ មាតាបិតា បានទទួលស្គាល់ និងមិនបានខឹងសម្បារ ឬមានបំណងប្តឹងផ្តល់លោកនាយកនោះទេ ។ ទន្ទឹងនឹងនោះ បានសំណូមពរ លោកនាយក និងអ្នកសារព័ត៌មាន បញ្ឈប់ចំពោះការយកព័ត៌មានទៅចុះផ្សាយ ដែល មានចេតនាចោទប្រកាន់ថា កូនគាត់ខិលខូច ច្រឡឹសបើស ដែលជាហេតុផលមួយ ធ្វើឲ្យសិស្សបាក់ទឹកចិត្ត ឬប៉ះពាល់ ដល់កិត្តិយសរបស់សិស្ស ។

ទី២ អ្នកអាណាព្យាបាលស្នើសុំកុំឲ្យមានការគុំគួន ធ្វើបាបដោយចេតនា ឬអចេតនា ឬដាក់បន្ទុកដល់សិស្ស ។

ទី៣ លោកនាយកបានទទួលយកសំណូមពរ ដើម្បីកែលម្អ និងសុំការអធ្យាស្រ័យ ចំពោះអំពើឆ្គាំឆ្គងរបស់លោក ។

ទី៤ ភាគីទាំងពីរ បានឯកភាពស្រុះស្រួលគ្នា រួមគ្នាបញ្ចប់ព័ត៌មាននេះ ដោយសន្តិវិធី៕

To Top