ព័ត៌មានជាតិ

ថវិកាមូលនិធិកីឡា កងយោធពលខេមរភូមិន្ទ ជាង ១៦០លានរៀល ត្រូវបានប្រគល់ជូន មូលនិធិទ្រទ្រង់សកម្មភាព សមាគម អតីតយុទ្ធជនកម្ពុជា

ភ្នំពេញ៖ ថវិកាមូលនិធិកីឡា កងយោធពលខេមរភូមិន្ទ បន្ថែមចំនួន ១៦២.៣១៨.៨០០៛ ដែលទទួលបានពីព្រឹត្តិការណ៍ កីឡាកងយោធពលខេមរភូមិន្ទ អបអរសាទរទិវាបុណ្យជាតិ ៧មករា ត្រូវបានក្រុមជំនួយការ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក សម្រាប់ទ្រទ្រង់សកម្មភាព សមាគមអតីតយុទ្ធជនកម្ពុជា ។

លោកនាយ ឧត្តមសេនីយ៍ គីម ប៊ុនថាន អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ បានសម្តែងនូវមោទនភាព និងការថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅ ចំពោះការរួមចំណែកដ៏ថ្លៃថ្លា របស់ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក ដែលជានិច្ចកាលតែងតែគិតគូរ យកចិត្តទុកដាក់ ចំពោះសុខទុក្ខ និងលើកស្ទួយកំរិត ជីវភាពរបស់បង បងប្អូនអតីតយុទ្ធជនគ្រប់ពេលវេលា។

លោកនាយឧត្តមសេនីយ៍ គីម ប៊ុនថាន បានមានប្រសាសន៍ បន្ថែមថាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន យកចិត្តទុកដាក់គិតគូអំពីសុខទុក្ខ និងការរស់នៅរបស់អតីតយុទ្ធជនតាមរយៈការផ្ដល់ដីសម្បទានសេដ្ឋកិច្ច ការសាងសង់ផ្ទះថ្មីជូនអតីតយុទ្ធជន ការដោះស្រាយជីវភាពលំបាកខ្វះខាត ការបើកប្រាក់បេឡាមរណសង្គ្រោះ និងថវិកាធានារ៉ាប់រងសង្គម និងសកម្មភាពជាច្រើនទៀត សំដៅលើកកម្ពស់សុខមាលភាព ជីវភាពរស់នៅ និងកិត្តិយសរបស់អតីតយុទ្ធជន។

សូមបញ្ជាក់ថា ថវិកាចំនួន១៦២.៣១៨.៨០០រៀលនេះ គឺជាថវិកាជំហានទី២ ដែលបានទទួលពីព្រឹត្តិការណ៍កីឡា កងយោធពលខេមរភូមិន្ទ អបអរសាទរទិវាបុណ្យជាតិ ៧មករា បានប្រគល់ជូនមូលនិធិទ្រទ្រង់ សកម្មភាពសមាគមន៍ អតីតយុទ្ធជនកម្ពុជា៕

To Top