ព័ត៌មានជាតិ

Update៖​ ឃុំខ្លួនជនដៃដល់ សម្លាប់ស្រីស្នេហ៍ ដោយប្រឈមការជាប់គុក ១៥ឆ្នាំ ពីបទឃាតកម្ម  

ភ្នំពេញ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបាត់ដំបង កាលពី រសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះ បានសម្រេចបញ្ជូនខ្លួន បុរសត្រូវចោទម្នាក់ ដែលបានសម្លាប់ស្ត្រីម្នាក់ ជាត្រូវដៃគូស្នេហានឹងគ្នា រួចយកសាលសពលាក់ទុកក្នុងរថយន្តម៉ាកព្រូស ហើយដឹកយកទៅប្លុងចោលនៅ ខាងក្រោយផ្សារទំនើបភូពុយ នៅក្នុងក្រុងបាត់ដំបងនោះ នៅក្នុងពន្ធនាគារជាបណ្ដោះអាសន្ន ដើម្បីរង់ចាំការធ្វើសវនាការតាមនីតិវិធីច្បាប់។

សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ កម្រិតធ្ងន់ខេត្តបាត់ដំបង បានឲ្យដឹងថា ជនត្រូវចោទរូបនេះ មានឈ្មោះ មាស ពេជ្របូរមី ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិភ្នំពេញថ្មី  សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ 

ជនត្រូវចោទត្រូវបានតំណាងអយ្យការចោទពីបទ: ឃាតកម្ម តាមបញ្ញត្តិមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។

 គាត់អាចត្រូវប្រឈមនឹង ការជាប់ពន្ធនាគារ រយៈពេលពី ១០ទៅ១៥ឆ្នាំ ប្រសិនបើតុលាការ រកឃើញពិរុទ្ធភាព ដូចបទចោទប្រកាន់។

ចំណែកឯ ជនរងគ្រោះ  មានឈ្មោះ ឌីម សោភា ភេទ ស្រី អាយុ ៣៤ឆ្នាំ មានស្រុកកំណើត នៅខេត្តកំពង់ចាម មានមុខរបរជាអ្នកសំអាង និងកែសម្ផស្ស ព្រមទាំងលក់ដីឡូត៍ និងលក់អនឡាញទៀតផង មានទីលំនៅក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

អ្នកទាំង២នាក់ គឺត្រូវជាដៃគូស្នេហាលួចលាក់នឹងគ្នា។ 

យោងតាមចម្លើយសារភាពរបស់ជនជាប់ចោទ បានឱ្យដឹងថា មូលហេតុនៃ ការសម្លាប់ជនរងគ្រោះ គឺដោយសារតែជនជាប់ចោទ កើតរោគប្រច័ណ្ឌ និងខឹងនឹងជនរងគ្រោះ ដែលមានប្តី និងកូន ព្រមទាំងមានទំនាក់ទំនងស្នេហាលួចលាក់ ជាមួយនឹងខ្លួនទៀតផង តែនៅបន្តមានទាក់ទងស្នេហាជាមួយនឹង មនុស្សប្រុសផ្សេងម្នាក់ទៀត និងបានជេរប្រមាថ និងគម្រាមប្តឹងខ្លួនទៅប៉ូលិស ដើម្បីចាប់ខ្លួនទៀតផង នៅពេលដែលពួកគេ បានឈ្លោះប្រកែកគ្នា នៅក្នុងរថយន្តរបស់ជនរងគ្រោះ នៅយប់កើតហេតុនោះ។

គួររំលឹកថា: កាលពីព្រលប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ស្ត្រីម្នាក់ ត្រូវគេបានប្រទះឃើញ ស្លាប់នៅបាំងខាងក្រោយ នៃរថយន្តម៉ាកព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BQ-1371ដែលត្រូវបានទុកប្លុងចោល នៅខាងក្រោយបរិវេណផ្សារទំនើបភូពុយ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង៕ ដោយ: លីហ្សា

To Top