ភ្នំពេញ ៖ ភាពយន្តចម្រៀងប្រវត្តិសាស្ត្រស្តីពីជីវិតក្មេងវត្ត ដែលជាស្នាដៃនិពន្ធរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ត្រូវបានដាក់សម្ពោធផ្សព្វផ្សាយជាសាធារណៈ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ពិធីសម្ពោធភាពយន្តចម្រៀង ប្រវត្តិសាស្ត្រ ជីវិតក្មេងវត្ត ធ្វើឡើងនៅឯសាលសន្និបាត២០២១ នៃក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីមន្ត្រីក្រសួង អ្នកឧកញ៉ា លោកឧកញ៉ា លោក-លោកស្រី ជាអ្នកឧបត្ថម្ភ ផលិតករ អ្នកដឹកនាំរឿង សិល្បករ និងភ្ញៀវកិត្តិយសសរុបជាង ២០០០នាក់។
ភាពយន្តចម្រៀង ប្រវត្តិសាស្ត្រ ជីវិតក្មេងវត្ត និពន្ធឡើងនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ១៩៩៦ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងដឹកនាំការថតដោយ លោក ហ៊ុន ហេង ប្រគំដោយតន្រ្តីវិទ្យុជាតិកម្ពុជា ច្រៀងដោយ លោក យិន សារិន ហើយនៅពេលនេះ ច្រៀងឡើងវិញដោយលោក ជិន វឌ្ឍនា សម្រួលតន្រ្តីដោយលោក ប៊ូ វណ្ណមុនីរ័ក្ស និងលោក កែវ ម៉ារ៉ា ហើយដឹកនាំការថតឡើងវិញដោយ លោក ហ្វៃ សំអាង។
ភាពយន្តចម្រៀងប្រវត្តិសាស្ត្រ ជីវិតក្មេងវត្ត ជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យបង្កប់ដោយអត្ថន័យ អត្ថរូប និងអត្ថរសដ៏សម្បូរបែបអំពីខ្សែជីវិតពិត និងការតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាកូនកសិករ ហើយក្រាញននាលការលំបាកសព្វបែបយ៉ាង ដើម្បីចំណេះវិជ្ជាជាទ្រព្យដ៏សំខាន់មិនអាចកាត់ថ្លៃបាន។
ភាពយន្តចម្រៀង ជីវិតក្មេងវត្តនេះ មានរយៈពេល៣១នាទី មានអត្ថន័យ អត្ថរស និងខ្លឹមសារគ្រប់គ្រាន់ស្របតាមសាច់រឿងពិតរបស់សម្តេចតេជោ ត្បិតឈុតឆាកនីមួយៗ អ្នកដឹកនាំសម្ដែងលោក ហ្វៃ សំអាង បានគោរពសុំអនុសាសន៍ពីសម្តេចបន្ថែម ដើម្បីសម្រិតសម្រាំងឲ្យល្អបំផុត។
គម្រូវីរភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ត្រូវបានលាតត្រដាងយ៉ាងល្អឥតខ្ចោះនៅក្នុងភាពយន្តចម្រៀង ជីវិតក្មេងវត្តដែលមានផលិតករ៣រូប រួមគ្នា គឺលោកស្រី ចន ច័ន្ទលក្ខិណា, ឧកញ៉ា ហេង ឡុង និងឧកញ៉ា អ៊ឹង លីហេង។ ក្នុងនោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា ឯ.ក បានឧបត្ថម្ភបច្ចេកទេសថត និងសម្ភារៈបម្រើឲ្យការផលិត។
លើសពីនេះ ភាពយន្តចម្រៀងនេះចំណាយថវិកាអស់ជាង១២ម៉ឺនដុល្លារ ដែលចំណាយពេលលើការផលិតជិត១ឆ្នាំ តាំងពីការរើសទីតាំងថត តួសម្តែង ការថតរហូតដល់ការកាត់តជាដើម។
គួររំលឹកថា បទចម្រៀង ជីវិតក្មេងវត្ត ធ្លាប់បានផលិតជាចម្រៀងកាយវិការម្តងហើយ កាលពីឆ្នាំ២០០០ ដោយផលិតកម្មហង្សមាស ក្រោមការដឹកនាំដោយ លោក ហ្វៃ សំអាង ហើយក៏មានការគាំទ្រច្រើនពីសំណាក់មហាជន ។ ដោយឡែក ការផលិតម្តងទៀតនេះ មានទម្រង់ជាភាពយន្ត ហើយល្អវិសេសវិសាលបំផុត ៕