ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទីកម្ពុជា បានថ្លែងថា ទោះបីជាកម្ពុជា-ថៃ កំពុងប្រឈមទៅនឹងជំងឺរាតត្បាតកូវីដ-១៩យ៉ាងណាក្តី ក៏ប្រទេសទាំងពីរនៅតែជួយគ្នាទៅវិញ ទៅមក ក្នុងនាមជាអ្នកជិតខាងល្អ។

នាឱកាសអនុញ្ញាតឲ្យគណៈប្រតិភូគណៈកម្មការស៊ើបអង្កេតអំពើពុករលួយ ការប្រព្រឹត្តខុស និងពង្រឹងអភិបាលកិច្ចល្អ នៃព្រឹទ្ធសភាថៃ ដឹកនាំដោយឧត្តមនាវីឯក សិសថាវ៉ាត វង្សសុវណ្ណ ប្រធានគណៈកម្មការ ចូលជួបសម្តែងការគួរសម នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ សម្តេច សាយ ឈុំ បានសម្តែងសេចក្តីរីករាយដោយមើលឃើញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ មានការរីកចម្រើនជាលំដាប់។ សម្ដេចថា ការរីកចម្រើននេះស្តែងឡើងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមករវាងថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ។
សម្តេចប្រមុខរដ្ឋស្តីទី គូសបញ្ជាក់ថា «ទោះបីប្រទេសទាំងពីរបាននឹងកំពុងប្រឈម ទៅនឹងជំងឺរាតត្បាតកូវីដ១៩ យ៉ាងណាក្តី ក៏ប៉ុន្តែប្រទេសទាំងពីរ នៅតែបានជួយគ្នាទៅវិញទៅមក ក្នុងនាមជាបងប្អូន និងជាអ្នកជិតខាងល្អ ។ ជាមួយគ្នានេះ សូមថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រថៃឡង់ដ៍ ដែលបានផ្តល់ជំនួយ ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ និងគ្រោះទឹកជំនន់ កាលពីឆ្នាំ២០២០កន្លងទៅនេះ ព្រមទាំង ជួយសម្រួលបែបបទ ដល់ពលករកម្ពុជា ទៅធ្វើការងារ ក្នុងប្រទេសថៃ ការជួយតបណ្តាញអគ្គីសនី និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធភ្ជាប់ជាដើម»។

សម្តេចប្រមុខរដ្ឋស្តីទី ក៏បានវាយតម្លៃខ្ពស់ ចំពោះការបន្តរីកចម្រើនជាលំដាប់ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ រវាងសភានៃប្រទេសទាំងពីរ ដែលត្រូវបានលើកកម្ពស់ឥតឈប់ឈរ និងមានការគាំទ្រគ្នាទៅវិញទៅមក ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដែលតែងតែជួយគាំទ្រ គ្នាទៅវិញទៅមក លើឆាកអន្តរជាតិ មិនត្រឹមតែទទួលបានផលប្រយោជន៍ សម្រាប់ប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែបានរួមវិភាគទាន ចំណែកដល់ការថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍនៅក្នុងតំបន់ និងសកលលោកផងដែរ ។
នាឱកាសនោះ ឧត្តមនាវីឯក សិសថាវ៉ាត វង្សសុវណ្ណ បានគូសបញ្ជក់ថា កម្ពុជា-ថៃមានព្រំប្រទល់ជាប់គ្នា ប្រជាជនមានទំនាក់ទំនងយ៉ាងជិតស្និត មានវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីស្រដៀងគ្នា ជាពិសេសប្រជាជនរស់នៅ តាមបណ្តោយព្រំដែនតែងតែង មានការពឹកពាក់យកសារគ្នាទៅវិញទៅមក តាំងពីយូលង់ណាស់មកហើយ ៕
