ព័ត៌មានជាតិ

អឺរ៉ុប ចាប់ផ្ដើមរឹតបន្ដឹងទិដ្ឋាការ លើពលរដ្ឋរុស្ស៊ី

ព្រុចសែល៖ គណៈកម្មការអឺរ៉ុប កាលពីថ្ងៃសុក្រ បានជំរុញឱ្យរដ្ឋជាសមាជិក នៃសហភាពអឺរ៉ុប រឹតបន្តឹងនីតិវិធីទិដ្ឋាការរបស់ពួកគេ និងបង្កើនការត្រួតពិនិត្យ ព្រំដែន សម្រាប់ពលរដ្ឋរុស្ស៊ី។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

ស្នងការអឺរ៉ុបទទួលបន្ទុកកិច្ចការផ្ទៃក្នុង លោកស្រី Ylva Johansson បានលើកឡើងថា គោលការណ៍ណែនាំនេះ កើតឡើងជាការឆ្លើយតប ទៅនឹងការកើនឡើង នាពេលថ្មីៗនេះនៅក្នុងជម្លោះនៅ អ៊ុយក្រែន។

លោកស្រីបានលើកឡើងថា “សហភាពអឺរ៉ុប នឹងការពារខ្លួន និងពលរដ្ឋរបស់យើង។ យើងកំពុងធ្វើឱ្យប្រាកដថា មានវិធីសាស្រ្តរួម និងរួបរួមនៅព្រំដែន ខាងក្រៅអឺរ៉ុប ទៅនឹងពលរដ្ឋរុស្ស៊ី ហើយនៅពេលនិយាយ អំពីការអនុវត្តច្បាប់តឹងរ៉ឹង លើការចេញទិដ្ឋាការស្នាក់នៅ រយៈពេលខ្លី សម្រាប់ពលរដ្ឋរុស្ស៊ី”។

នៅក្រោមច្បាប់ថ្មី រដ្ឋជាសមាជិកសហភាពអឺរ៉ុប គួរតែអនុវត្ត “ការវាយតម្លៃដ៏តឹងរ៉ឹង” និងការត្រួតពិនិត្យសុវត្ថិភាព នៅពេលពួកគេចេញទិដ្ឋាការដល់ពលរដ្ឋរុស្ស៊ី។ ពួកគេក៏គួរតែអនុវត្តវិធីសាស្រ្ត ដ៏តឹងរ៉ឹង នៅពេលវាយតម្លៃភាពត្រឹមត្រូវ នៃការធ្វើដំណើរ និងសុពលភាពនៃទិដ្ឋាការ ដោយមិនគិតពីរដ្ឋសមាជិក ដែលចេញនោះទេ។

លោកស្រីបានបន្ដថា រដ្ឋជាសមាជិកមិនគួរទទួលយក ពាក្យសុំទិដ្ឋាការ Schengen ពីពលរដ្ឋនៃសហព័ន្ធរុស្ស៊ី ដែលមានវត្តមាននៅក្នុងប្រទេសទី៣ សម្រាប់ការស្នាក់នៅរយៈពេលខ្លី ឬសម្រាប់គោលបំណងឆ្លងកាត់នោះឡើយ។

លោកស្រី Johansson បានពន្យល់ថា ការលើកលែងអាចត្រូវបានធ្វើឡើងក្នុងករណីមានការលំបាក និងសម្រាប់ហេតុផលមនុស្សធម៌ ដូចជាការទៅជួបគ្រួសារដោយសារជំងឺធ្ងន់ធ្ងរភ្លាមៗរបស់សាច់ញាតិ ដែលរស់នៅក្នុងសហភាពអឺរ៉ុប អ្នកប្រឆាំង ឬអ្នកការពារសិទ្ធិមនុស្ស៕

ប្រែសម្រួល ឈូក បូរ៉ា

To Top