ព័ត៌មានជាតិ

ពលរដ្ឋនៅព្រែកព្នៅ មានសំណូមពរជាច្រើន ឲ្យជួយដោះស្រាយ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ

ភ្នំពេញ៖ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៤ តុលា ក្នុងវត្តឈូកវ៉ា ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ប្រជាពលរដ្ឋ បានស្នើឲ្យអាជ្ញាធរជួយដោះស្រាយសំណើរ សំណូមពរជាច្រើន ពិសេសឲ្យជួយកសាង ហេដ្ឋារចនាសម្ព័ន្ព នៅក្នុងមូលដ្ឋានពួកគាត់។

វេទិកានេះធ្វើឡើងក្រោមវត្តមាន លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ហួត ហៃ អភិបាលរងរាជធានី តំណាងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក រស់ សូផាន់ ប្រធានក្រុមការងារ ចុះជួយខណ្ឌព្រែកព្នៅ។

ក្នុងវេទិកាសាធារណៈនេះ ប្រជាពលរដ្ឋបានលើកឡើង ពីកង្វល់របស់ខ្លួនជាច្រើនដូចជា សុំការស្ថាបនាផ្លូវ លូ សុំឲ្យមានការពន្យល់ពីការបង់ថ្លៃសំរាម តាមប្រព័ន្ធអនឡាញ សុំតបណ្ដាញទឹកស្អាត សុំកាត់បន្ថយគ្រូបង្រៀន យកមុខវិជ្ជាល្អៗទៅបង្រៀនគួរ មិនយកមកបង្រៀន នៅក្នុងកម្មវិធីសិក្សាក្នុងសាលា ក៏ដូចជាមួយចំណុចទៀត សូមឲ្យអាជ្ញាធរនិងកម្លាំងមានសមត្ថកិច្ច បង្ក្រាបល្បែងស៊ីសង និងការលុបបំបាត់ការជួញដូរគ្រឿងញៀន នៅក្នុងមូលដ្ឋាន ។

ពាក់ព័ន្ធនឹងបញ្ហានេះ ប្រជាពលរដ្ឋបានលើកឡើងថា នៅក្នុងមូលដ្ឋានពួកគាត់ នៅតែមានការលួចលេងល្បែងស៊ីសង បៀ កន្ទុយលេខដដែល ដូច្នេះពួកគាត់ស្នើសូមឲ្យលុបបំបាត់ឲ្យអស់។ ចំណែកគ្រឿងញៀនវិញក៏ដូច្នេះដែរ សូមលុបបំបាត់ឲ្យបាន ពិសេសគឺការបង្ក្រាប អ្នកជួញដូរគ្រឿងញៀនតែម្តង។

នាឱកាសនោះ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ម៉ប់ សារិន បានជម្រុញមន្រ្តីពាក់ព័ន្ធទាំងអស់ រាប់តាំងពីមន្រ្តីរដ្ឋបាលខណ្ឌ សង្កាត់ត្រូវបន្តយកចិត្តទុក ដាក់ចុះបំពេញតួនាទីភារកិច្ច និងចុះសួរសុខទុក្ខ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យបានជាប់ជាប្រចាំ ក៏ដូចជាដោះស្រាយបញ្ហាប្រឈមនានា ដើម្បីឆ្លើយតប នឹងសេចក្តី ត្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

លោក ម៉ប់ សារិន បានបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះ គឺផ្តោតសំខាន់ពាក់ព័ន្ធ និងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៍នៅមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធរបានដឹងលឺ និងរកយន្តការដោះស្រាយ។

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំបេញ ត្រូវបានធ្វើ ឡើងក្នុង១ឆ្នាំម្តង ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរ និងសំណើររបស់ប្រជាពលរដ្ឋ ប៉ុន្តែក្នុងរយៈពេល២ឆ្នាំជាប់គ្នានេះ ត្រូវបានខកខានដោយការរាតត្បាត ជំងឺកូវីដ-១៩ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធររាជធានីភ្នំពេញ នៅតែបន្តដោះស្រាយទុក្ខកង្វល់ ប្រជាពលរដ្ឋជានិច្ច។

ដោយឡែក លោក ហួត ហៃ អភិបាលរងរាជធានី បានលើកឡើងដែរថា សម្រាប់ការចូលរួមមតិយោបល់ និងលើកឡើងនូវសំណើ សំណួរ សំណូមពររបស់ប្រជាពលរដ្ឋ នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សានាពេលនេះ មានចំនួន១៩នាក់ ស្មើនឹង៣២បញ្ហា និងសំណើ សំណួរ សំណូមពរក្នុងប្រអប់សំបុត្រ ចំនួន៧៦បញ្ហា។ លោកបន្តថា រាល់បញ្ហាបានលើកឡើងអាជ្ញាធរ ពិតជាបានដឹង និងមានវិធានការមួយចំនួនរួចហើយ ។ អាជ្ញាធរនឹងធ្វើការដោយស្រាយ ជាបន្តបន្ទាប់ ពោលគឺអ្វីដែលដោះស្រាយ បានដោះស្រាយភ្លាម ហើយអ្វីដែលដោះស្រាយមិនបានភ្លាម នឹងសុំគោលការណ៍ដោះស្រាយ ពេលក្រោយទៀត។

លោកបន្តថា រាល់មតិយោបល់ និងការលើកឡើង នូវសំណើ សំណួរ សំណូមពររបស់ប្រជាពលរដ្ឋ ពិតជាបាននាំមកនូវសក្តានុពលយ៉ាងធំធេង និងបានធ្វើឲ្យរដ្ឋបាលរាជធានីភ្នំពេញ ឆ្លុះបញ្ចាំងចំណុចអសកម្មនានា របស់ខ្លួនពេលកន្លងមក ដើម្បីធ្វើការកែលម្អឡើងវិញ និងអភិវឌ្ឍន៍ក្នុងមូលដ្ឋាន ឲ្យបានល្អប្រសើរ និងស្វែងរកនូវដំណោះស្រាយ ជូនប្រជាពលរដ្ឋឲ្យ មានតម្លាភាព និងមានប្រសិទ្ធភាព ក្នុងនាមជាតំណាងឲ្យ រដ្ឋបាលសាធារណៈ៕

To Top