ព័ត៌មានជាតិ

អាជ្ញាធរស្រុកស្វាយជ្រំ ចុះត្រួតពិនិត្យ ដល់ទីតាំងព្រែកនៀល ឃុំបាសាក់ បង្ក្រាបបានទូកជរ័១គ្រឿង និងឧបករណ៍ ឆក់ត្រីចំនួន១គ្រឿង

ស្វាយរៀង ៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត បានបញ្ជាទៅកម្លាំង មានសមត្ថកិច្ចពាក់ព័ន្ធ ចុះចាត់វិធានការភ្លាមៗលើ​ករណីព័ត៌មានជុំវិញ ករណីទូក ជនជាតិវៀតណាមឆ្លងដែន ចូលមកឆក់ត្រីនៅឃុំបាសាក់ ស្រុកស្វាយជ្រំ។

ក្រោយទទួលបានបទ បញ្ជាពីអភិបាលខេត្តស្វាយរៀងនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២នេះ លោក ហែម សារិទ្ធ អភិបាលស្រុក និងជាប្រធាន គណ:បញ្ជាការឯកភាព រដ្ឋបាលស្រុកស្វាយជ្រំ បានធ្វើការដឹកនាំកម្លាំងចម្រុះ ចុះល្បាតចល័ត និងត្រួតពិនិត្យ ដល់ទីតាំងព្រែកនៀល ស្ថិតនៅភូមិបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលមានព្រំប្រទល់ជាប់ ស្រុកកំពង់រោទិ៍ និងព្រំប្រទល់ព្រំដែន ជាប់ប្រទេសវៀតណាម។

លោកហែម សារិទ្ធ បានថ្លែងថា ក្នុងនាមរដ្ឋបាលស្រុក បានរៀបចំកម្លាំងល្បាត ដើម្បីឃ្លាំមើលជាប្រចាំ នៅទីតាំងដែលជនជាតិវៀតណាម ឆ្លងដែនមកឆក់ត្រីខុសច្បាប់ លើព្រំដែន ទឹកកម្ពុជាបន្តទៀត ។

ជាមួយគ្នានេះ លោកក៏បានជួបទំនាក់ទំនង ជាមួយភាគីយោធាព្រំដែនវៀតណាម ដើម្បីពិភាក្សាគ្នា រកដំណោះស្រាយជុំវិញករណីខាងលើ និងបានសំណូមពរ ដល់ភាគីខាងវៀតណាម មិនត្រូវអនុញ្ញាតិ អោយប្រជាពលរដ្ឋវៀតណាម ឆ្លងចូលមកនេសាទត្រីខុសច្បាប់ នៅទឹកដីឃុំបាសាក់ បន្តទៀតនោះឡើយ ។

លោកអភិបាល ស្រុក បានបញ្ជាក់ថា ក្នុងនាមអាជ្ញាធរដែនដី​ សូមអរគុណចំពោះប្រជាពលរដ្ឋ អ្នកសាព័ត៌មានទាំងអស់ តែងតែផ្តល់ដំណឹង ពីបញ្ហានានា ក្នុងមូលដ្ឋាន ដើម្បីរដ្ឋបាលខេត្ត រដ្ឋបាលស្រុក ចាត់វិធានការ ដោះស្រាយទាន់ពេលវេលា ។ ហើយ ជុំវិញករណីខាងលើ ជាលទ្ធផលកិច្ចសហប្រតិបត្តិការ បង្ក្រាបបាន១លើក ដកហូតសម្ភារ:បានទូកជរ័១គ្រឿង និងឧបករណ៍ឆក់ត្រីចំនួន១គ្រឿង បច្ចុប្បន្នវត្ថតាងរក្សាទុក នៅនិងប៉ុស្តិ៍នគរបាលរដ្ឋបាលបាសាក់៕

To Top