ព័ត៌មានជាតិ

សម្ដេច ស ខេង ណែនាំឱ្យ​ពង្រឹង​កិច្ច​ការពារ សុវត្ថិភាពថ្នាក់ដឹកនាំ មកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅកម្ពុជា

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវការពារសុវត្ថិភាព ថ្នាក់ដឹកនាំបណ្ដាប្រទេសនានា ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅកម្ពុជា នាខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។

កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ បាននិងកំពុងរៀបចំនៅកម្ពុជា ចាប់ពីខែមករា ឆ្នាំ២០២២ រហូតដល់ខែធ្នូ ឆ្នាំ២០២២ ដោយមានកិច្ចប្រជុំសរុបប្រមាណ៥៤ ក្នុងនោះ កិច្ចប្រជុំធំៗមាន២ គឺកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ កាលពីខែមេសា ក្នុងក្របខ័ណ្ឌសមាជិកអាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤១ រៀបចំក្នុងខែវិច្ឆិកា ខាងមុខនេះ រវាងប្រទេសសមាជិកអាស៊ាន ជាមួយបណ្ដាប្រទេសដៃគូ។

នាឱកាសអញ្ជើញដឹកនាំ កិច្ចប្រជុំស្ដាប់របាយការណ៍ ស្ដីពីការត្រៀមការពារសុវត្ថិភាព កិច្ចប្រជុំកំពូលអាស៊ាន នៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ សម្ដេច ស ខេង បានរំលឹកថា ឆ្នាំនេះ គឺជាលើកទី៣ ដែលកម្ពុជាទទួលតួនាទី ជាប្រធានអាស៊ានប្ដូរវេន ហើយកិច្ចប្រជុំលើកនេះ ក៏មិនខុសពីកិច្ចប្រជុំដែលកម្ពុជាធ្លាប់រៀបចំ និងបណ្ដាប្រទេសសមាជិកអាស៊ាន បានរៀបចំជារៀងរាល់ឆ្នាំនោះដែរ គឺមានការអញ្ជើញចូលរួម ពីបណ្ដាមេដឹកនាំអាស៊ាន និងបណ្ដាមេដឹកនាំ បណ្ដាប្រទេសដៃគូអាស៊ានផ្សេងទៀត។

សម្ដេច បញ្ជាក់ថា «កិច្ចប្រជុំនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តថ្មីមួយទៀត និងជាការផ្ដល់កិត្តិយសមួយទៀតដែរ សម្រាប់កម្ពុជាលើឆាកអន្តរជាតិ ដែលក្នុងនោះក៏ទាមទារ ឱ្យមានការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការធានាសុវត្ថិភាពឱ្យ បានល្អប្រសើរបំផុត និងដាច់ខាតសម្រាប់ថ្នាក់ដឹកនាំនានា ពិសេសគឺប្រធានប្រតិភូទាំងអស់ ដែលនឹងអញ្ជើញចូលរួម ក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ»។

សម្ដេច ឧបនាយករដ្ឋមន្រ្តី បានបន្តថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានអាស៊ាន និងតាមរយៈការប្ដេជ្ញាចិត្តអនុវត្តតួនាទី និងភារកិច្ចរបស់ក្រសួងមហាផ្ទៃ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សម្ដេច មានសេចក្ដីសង្ឃឹមជឿជាក់ថា កិច្ចប្រជុំអាស៊ានដែលកម្ពុជា ធ្វើជាប្រធាននាឆ្នាំនេះ នឹងប្រព្រឹត្តទៅដោយជោគជ័យ។

ពាក់ព័ន្ធនឹងកិច្ចការពារសន្តិសុខ បម្រើឱ្យកិច្ចប្រជុំកំពូលអាស៊ាន នាពេលខាងមុខនេះ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ទៀតថា នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ គឺជាប្រធានគណៈកម្មការការពារសន្តិសុខ បានរៀបចំនូវផែនការពារសន្តិសុខ សណ្ដាប់ធ្នាប់សុវត្ថិភាព សម្រាប់កិច្ចប្រជុំកំពូល និងកិច្ចប្រជុំពាក់ព័ន្ធនេះរួចជាស្រេច។

សូមរំលឹកថា កិច្ចប្រជុំនេះ មានគណៈប្រតិភូបរទេសអញ្ជើញ ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ នៅកម្ពុជា ប្រមាណ ២៨គណៈប្រតិភូ ដូចជា៖ គណៈប្រតិភូប្រទេសសមាជិកអាស៊ាន ដោយមិនរាប់កម្ពុជា គណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន គណៈប្រតិភូដៃគូពិភាក្សាប្រមាណ ១០គណៈប្រតិភូទៀត និងគណៈប្រតិភូដៃគូអភិវឌ្ឍន៍ រួមទាំងវិស័យផ្សេងៗ ៨ទៀត ៕

To Top