ព័ត៌មានជាតិ

ប្រទះឃើញបំណែក ចម្លាក់ក្បាលនាគ ក្នុងរចនាបថបាយ័ន ផុសឡើងតាមឬសឈើ ក្នុងបរិវេណអតីតរាជធានីអង្គរធំ

ភ្នំពេញ៖ ថ្មីៗនេះ មានការប្រទះឃើញដោយចៃដន្យ នូវក្បាលនាគចំនួន១ ធ្វើពីថ្មភក់ស្ថិតក្នុងរចនាបថបាយ័ន នៅពេលដើមស្រឡៅធំមួយដើមបានដួលរលំ បណ្តាលឲ្យបំណែកក្បាលនាគ កប់ក្នុងដីជាយូរឆ្នាំហើយ ត្រូវបានផុសឡើងតាមឬសឈើ នៅក្នុងបរិវេណវត្តទេពប្រណម្យ អតីតរាជធានីអង្គរធំ។ នេះបើយោងតាមអជ្ញាធរជាតិអប្សរា ។

លោក ឈូក សុម៉ាឡា ប្រធានក្រុមចុះបញ្ជីវត្ថុសិល្បៈ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា បំណែកក្បាលនាគនេះ បានកប់ក្នុងដីជម្រៅប្រមាណកន្លះម៉ែត្រ ហើយជាក់ស្តែង ដើមស្រឡៅដែលដុះពីលើមិនមានឬសកែវធំៗ ទើបពេលភ្លៀងជោគជាំ ដីជ្រាយ ធ្វើឲ្យដួលរលំ និងផុសក្បាលនាគដែលឬសឈើ ដុះចាក់ស្រេះមកជាមួយតែម្តង។

លោក សុម៉ាឡា បន្តថា បំណែកក្បាលនាគនេះ មានត្រឹមតែកនាគមកក្បាលខាងលើដែលមាន បណ្តោយ១.២ម៉ែត្រ ទទឹង១ម៉ែត្រ និងកម្រាស់០.៣ម៉ែត្រ បំណែកសត្វគ្រុឌជិះលើក្បាលនាគ ស្ថានភាពមុខនាគខាងមុខមាន ការខូចខាតច្រើនដោយអន្លើរ ដោយបាក់បែកមុខនាគ និងជុំវិញសងខាង។ រីឯសត្វគ្រុឌវិញ ត្រូវបានបាក់ច្រមុះ និងដៃផ្នែកនៅខាងលើ រួមទាំងផ្នែកខ្លះនៃក្បាល។

លោក ឈូក សុម៉ាឡា សន្និដ្ឋានថា បំណែកក្បាលនាគ នេះអាចយកចេញពីប្រាសាទបាយ័ន តែមិនដឹងថា យកមកទីតាំងនេះក្នុងគោលបំណងអ្វី និងពេលណានោះទេ។ លោកបន្ថែមទៀតថា រូបចម្លាក់បែបនេះ ច្រើន ឃើញនៅរចនាបថបាយ័ន ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ទ្រង់បានយកនាគ និងគ្រុឌដែលជាសត្រូវនឹងគ្នា មកបញ្ចូលក្នុងសិល្បៈតែមួយ។ អាចជាព្រះអង្គចង់បង្ហាញពីទស្សនៈបង្រួបបង្រួមសាសនារវាងព្រហ្មណ៍សាសនា និងព្រះពុទ្ធសាសនា ទើបព្រះអង្គឲ្យស្ថាបត្យករបញ្ចូលនាគ និងគ្រុឌនៅជាមួយគ្នា ហើយដាក់បង្ហាញលើសំណង់នានារបស់ទ្រង់។

ដើម្បីរក្សាសុវត្ថិភាពនូវបំណែកក្បាលនាគនេះ ទើបអាជ្ញាធរជាតិអប្សរា សហការជាមួយនគរបាលការពារបេតិកភណ្ឌ ព្រមទាំងភ្នាក់ងារទេសចរណ៍ ធ្វើកំណត់ ហេតុ ប្រគល់ទទួលបំណែកចម្លាក់ខាងលើ យកទៅរក្សាទុកនៅសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ ដើម្បីចុះបញ្ជីទុកជាឯកសារ លាងសម្អាត រក្សាទុកទៅតាមបច្ចេកទេស និងស្វែងរកទិន្នន័យផ្សេងទៀតផង ទាក់ទងនឹងបំណែកក្បាលនាគនេះ ងាយស្រួលយកទៅដាក់នៅទីតាំងដើមវិញ បើមានការជួសជុលនៅទីតាំង ដែលបានបាត់បង់នោះ ៕

To Top