ព័ត៌មានជាតិ

កម្ពុជា-ទីម័រខាងកើត នឹងចុះកិច្ចព្រមព្រៀង សេវាកម្មដឹកជញ្ជូន តាមផ្លូវអាកាស ជំរុញអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ និងវិនិយោគ

ភ្នំពេញ៖ រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋ ប្រជាធិបតេយ្យទីម័រខាងកើត នឹងធ្វើការចុះហត្ថលេខា លើកិច្ចព្រមព្រៀង សេវាកម្មដឹកជញ្ជូន តាមផ្លូវអាកាស ដើម្បីជំរុញអភិវឌ្ឍន៍ វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ វិនិយោគ និងវិស័យពាក់ព័ន្ធផ្សេងៗទៀត នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ ។

ខ្លឹមសារនៃកិច្ចព្រមព្រៀងនេះ គឺមាន ២១ មាត្រា ស្របតាមការណែនាំ និងអនុលោមភាព របស់អង្គការអាកាសចរស៊ីវិលអន្តរជាតិ (ICAO) ដោយនាំមកនូវផលប្រយោជន៍ជូនព្រះរាជាណា ចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត តាមរយៈការបង្កើតទំនាក់ទំនង កាន់តែជិតស្និទ្ធលើវិស័យអាកាសចរស៊ីវិល ,សហការពង្រឹងសន្តិសុខ និងសុវត្ថិភាពអ្នកដំណើរអន្តរជាតិតាមផ្លូវអាកាស បង្កើតឱ្យមានការតភ្ជាប់ ការដឹកជញ្ជូនតាមផ្លូវអាកាស ទាំងអ្នកដំណើរ និងទំនិញ ,ធ្វើឱ្យប្រសើរឡើង នូវលំហូរចូលនៃអ្នកដំណើរ តាមរយៈការដឹកជញ្ជូនតាមផ្លូវអាកាស ដើម្បីអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ វិនិយោគ និងវិស័យពាក់ព័ន្ធផ្សេងៗទៀត រវាងប្រទេសទាំងពីរ ,បង្កើតសេវាដឹកជញ្ជូនតាមផ្លូវអាកាស ការតភ្ជាប់មនុស្ស វប្បធម៌ និងធុរៈកិច្ច រវាងប្រទេសទាំងពីរ ព្រមទាំងគាំទ្រដល់កំណើននិរន្តរភាពនៃអាកាសចរណ៍ ,បង្កើតលទ្ធភាពជូនក្រុមហ៊ុនអាកាសចរណ៍នៃប្រទេសទាំងពីរ សហការជើងហោះហើរ (Code-sharing Flights) និងលទ្ធភាពបើកជើងហោះហើរដោយផ្ទាល់ (Direct Flights) រវាង ប្រទេសទាំងពីរ ឬការហោះហើរចុះចតប្រមូលភ្ញៀវច្រើនកន្លែង តាមរយៈការប្រើប្រាស់សិទ្ធិហោះ ហើរទី៥ (5th Freedom Traffic Rights)ជាដើម ,អ្នកដំណើរនឹងទទួលបានបទពិសោធន៍ថ្មី គោលដៅថ្មី និងជម្រើសថ្មីប្រកបដោយពិពិធ កម្មក្នុងការធ្វើដំណើរ។

សូមជម្រាបថា រហូតមកដល់ពេលបច្ចុប្បន្ននេះ ព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស (ASAS) និងអនុស្សារណៈយោគយល់ (MOUs) ជាមួយបណ្តាប្រទេសនានា នៅលើពិភពលោកបានចំនួន ៤៧ ប្រទេសហើយ៕

To Top