ព័ត៌មានជាតិ

សម្តេចហេង សំរិន នឹងដឹកនាំប្រតិភូ ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភា អាស៊ី-ប៉ាស៊ីហ្វិក លើកទី៣០ (APPF-30) នៅប្រទេសថៃ

ភ្នំពេញ ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នឹងដឹកនាំប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភា អាស៊ី-ប៉ាស៊ីហ្វិក លើកទី៣០ (APPF-30) នៅព្រះរាជាណាចក្រថៃឡង់ រយៈពេល៤ថ្ងៃ ។

យោងតាមសេចក្តី ជូនដំណឹង របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ស្តីពីគណៈប្រតិភូ ជាន់ខ្ពស់សភា នៃព្រះរាជាណាចក្រកម្ពុជា
អញ្ជើញចូលរួម កិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភា អាស៊ី-ប៉ាស៊ីហ្វិក លើកទី៣០ (APPF-30) នៅព្រះរាជាណាចក្រថៃ នៅថ្ងៃទី២០តុលា បានលើកឡើងថា តបតាម​​ការអញ្ជើញរបស់ លោកឈួន លីកផៃ (Chuan Leekpai) ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រថៃ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា​ នឹងដឹកនាំ​គណៈប្រតិភូ ​ជាន់ខ្ពស់សភា នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី៣០ (APPF-30)  ដែលសភាថៃ  នឹងធ្វើជាម្ចាស់ផ្ទះ នាទីក្រុងបាងកក ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន នឹងអញ្ជើញថ្លែង បទអន្តរាគមន៍នៅកិច្ចប្រជុំជាផ្លូវការ ​ក្រោមមូលបទ “សភានិងការអភិវឌ្ឍ ប្រកបដោយចីរភាព ក្រោយជំងឺកូវីដ-១៩” ។ នៅក្នុងកំលុងពេលចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនេះ សម្តេចប្រធានរដ្ឋសភា គ្រោងជួបពិភាក្សាការងារទ្វេភាគី ជាមួយសមភាគី ប្រធានរដ្ឋសភាថៃ និងទទួលជួបសវនាការ ជាមួយថ្នាក់ដឹកនាំសភា ប្រទេសជាមិត្តមួយចំនួន​ទៀត ក្នុងការពង្រឹងពង្រីក ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការវិស័យការទូតសភាកម្ពុជា នៅលើឆាកអន្តរជាតិ ទំាងក្របខ័ណ្ឌពហុភាគី និងទ្វេភាគី ។
ចំណែកសមាជិក គណៈប្រតិភូដទៃទៀត នឹងចូលរួមកិច្ចប្រជុំ តាមគណៈកម្មាធិការជាច្រើនរបស់ APPF ស្របតាមកម្មវិធី ដែលបានរៀបចំ។
វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលមានឈ្មោះជាភាសាអង់គ្លេស “The Asia Pacific Parliamentary Forum” ដែលបានផ្តួចផ្តើមបង្កើតឡើងដោយ អតីតនាយករដ្ឋមន្រ្តីជប៉ុន លោក Yasuhiro Nakasone ក្នុងឆ្នាំ១៩៩៣ ដើម្បីជំរុញយន្តការសភា ក្នុងការកសាងសុខសន្តិភាព ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការ នៅក្នុងតំបន់ និងពិភពលោកដោយចីរភាព ។ សភានៃព្រះរាជាណាចក្រកម្ពុជា បានចូលជាសមាជិក ពេញសិទ្ធិ នៃវេទិកាសភានេះ កាលពីឆ្នាំ១៩៩៥ ។ បច្ចុប្បន្ន APPF មានសមាជិកពេញសិទ្ធិ ចំនួន២៧ប្រទេស ៕

To Top