ព័ត៌មានជាតិ

សមត្ថកិច្ច បង្ក្រាបសង្វៀនជល់មាន់ បានមនុស្ស៣នាក់ រថយន្ត១គ្រឿង ម៉ូតូ៥គ្រឿង និងមាន់២ក្បាល នៅស្រុកស្វាយជ្រុំ

ស្វាយរៀង ៖ សមត្ថកិច្ចនគរបាលស្រុកស្វាយជ្រុំ បានសហការជាមួយប៉ុស្តិ៏រដ្ឋបាលឃុំបាសាក់ បានធ្វើការបង្ក្រាបអ្នកជល់មាន់ដ៏សកម្មបានចំនួន៣នាក់រថយន្ត ១ គ្រឿង ម៉ូតូ៥គ្រឿងនិងសត្វមាន់២ក្បាល។

លោកសោម សោភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រុំ បានឲ្យដឹងថា នៅវេលាម៉ោង ១២និង៣០ នាទីថ្ងៃត្រង់ ថ្ងៃទី ២០ ខែតុលា  ឆ្នាំ២០២២ ក្រោយពីទទួលបានព័ត៌មាន ការលួចលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់)១ទីតាំង ស្ថិតនៅក្នុងភូមិបាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រំ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រុំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំបាសាក់ និងកម្លាំងប្រជាការពារ បានចុះបង្ក្រាបករណី លួចលេងល្បែងខាងលើភ្លាមៗ។

លោកអធិការបានបន្តថា ជាលទ្ធផលសមត្ថកិច្ចបានធ្វើការឃាត់ខ្លួន ជនសង្ស័យ ចំនួន៣នាក់ ប្រុស ព្រមទាំងដកហូតវត្ថុតាងរួមមាន ៖ រថយន្ត ១គ្រឿង, ម៉ូតូ ៥គ្រឿង និងមាន់ជល់ចំនួន ២ក្បាល។ ជនសង្ស័យ រួមនឹងវត្ថុតាងបានកសាងសំណុំរឿងចាត់ការតាមច្បាប់។

ជាមួយគ្នានេះលោកអធិការនគរបាលស្រុកស្វាយជ្រុំ ក៏បានថ្លែងអំណរគុណដល់ ប្រជាពលរដ្ឋ ដែលតែងតែជួយសហការល្អ តាមរយៈការផ្តល់ព័ត៌មានមកអោយសមត្ថកិច្ច ធ្វើឲ្យប្រតិបត្តិការបង្ក្រាបបទល្មើសនានា ទទួលបានជោគជ័យ និងមានប្រសិទ្ធិភាពខ្ពស់និងសូមទំនាក់ទំនងផ្តល់ព័ត៌មាន មកកាន់ទូរស័ព្ទ ក្តៅ (Hotline) របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង តាមរយៈលេខ 097 77 80 007៕

To Top