ព័ត៌មានជាតិ

សិស្សប៊ែលធី ភាសាអង់គ្លេសទូទៅ កម្រិត១២ (Level 12) ជំនាន់ទី៥៣ ដល់ ៦៣ ចំនួន ១,៥២០នាក់ ទទួលសញ្ញាបត្រ ភាសាអង់គ្លេស ប៊ែលធី (BELTEI ESL DIPLOMA)

ភ្នំពេញ ៖ សាលា ប៊ែលធី អន្តរជាតិ ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ បានប្រារព្ធពិធីប្រគល់សញ្ញាបត្រ ភាសាអង់គ្លេស ប៊ែលធី ជូនដល់សិស្ស ថ្នាក់ភាសា អង់គ្លេស ទូទៅ កម្រិត១២ (Level 12) ជំនាន់ទី៥៣ ដល់៦៣ ដែលបានប្រឡងជាប់ សញ្ញាបត្រ ភាសាអង់គ្លេសប៊ែលធី (BELTEI ESL DIPLOMA) ចំនួន ១,៥២០នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប និង លោកជំទាវ ដែលបានប្រព្រឹត្តទៅ នៅសាលសន្និសីទ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទី២ (ស្ពានអាកាសចោមចៅ) ។

លោក ចាន់ ទីតា ប្រធានការិយាល័យភាសាអង់គ្លេសទូទៅ បានឲ្យដឹងថា ៖ បច្ចុប្បន្ននេះ សាលា ប៊ែលធី អន្តរជាតិ មាន ២៦សាខា (២៤សាខា កំពុងដំណើរការ និង ២សាខាកំពុងសាងសង់) ដែលមានបុគ្គលិកបម្រើការសរុបចំនួន ២,៤៤៦នាក់ (នារី១,០០៨នាក់ ) និងមានសិស្សានុសិស្ស កំពុងសិក្សាសរុបចំនួន ៥៨,១៨៤នាក់ (នារី ២៩,០៩២នាក់) ព្រមទាំងមានកម្មវិធីសិក្សាធំៗ ចំនួន៥ និង បានបញ្ជូលកម្មវិធីសិក្សាបន្ថែមចំនួន៩ លើកម្មវិធីដែលមានស្រាប់ សម្រាប់ថ្នាក់ ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ ។ ចំពោះកម្មវិធីសិក្សា ផ្នែកភាសាអង់គ្លេសទូទៅ (ESL Program) ត្រូវបានរៀបចំ ឡើងយ៉ាងសម្រិតសម្រាំងលើ កម្មវិធីសិក្សា មុខវិជ្ជាសិក្សាសំខាន់ៗ ហើយសៀវភៅសិក្សា ត្រូវបានសហការគាំទ្រ ដោយក្រុមហ៊ុន McGraw-HILL Education នៅសហរដ្ឋអាមេរិក ។ សិស្សដែលបានបញ្ចប់ថ្នាក់ ភាសាអង់គ្លេសទូទៅ កម្រិត១២ (Level 12) មានសមត្ថភាពគ្រប់គ្រាន់ ទាំងការនិយាយ ការស្តាប់ ការអាន និងការសរសេរ និងមាន សមត្ថភាពប្រឡងតេស្ត អន្តរជាតិ អាយអែល (IELTS) បានគ្រប់ៗគ្នា ។

គិតត្រឹមឆ្នាំសិក្សា ២០២១-២០២២ សាលា ប៊ែលធី អន្តរជាតិ មានសិស្សថ្នាក់ភាសាអង់គ្លេស ទូទៅ កម្រិត១២ (Level 12) ដែលបានប្រឡង បញ្ចប់សញ្ញាបត្រ ភាសាអង់គ្លេសប៊ែលធី (BELTEI ESL DIPLOMA) ចំនួន ១២,០៨៥នាក់ ។ ក្នុងនោះសិស្សដែលប្រឡង បានពិន្ទុអាយអែល (IELTS) 5.0 ឡើងទៅ ចំនួន ៧,៩៨៧នាក់ ស្មើនឹង ៦៦.០៩% ដែលនឹងទទួលបានសញ្ញាបត្រចំនួនពីរគឺ៖ ១-ចេញដោយសាលា ប៊ែលធី អន្តរជាតិ និង ២-ចេញដោយ ក្រុមប្រឹក្សាភាសាអង់គ្លេស នៃចក្រភពអង់គ្លេស (BRITISH COUNCIL) ហើយសញ្ញាបត្រទាំងពីរនេះ ត្រូវបានដាក់ បញ្ចូល (Upload) ទៅក្នុងវេបសាយរបស់ប៊ែលធី ដើម្បីទុកជាកាលប្បវត្តិសម្រាប់សិស្សគ្រប់រូបទាញយក (Download) ប្រើប្រាស់ជាផ្លូវការផងដែរ ។

ក្នុងឱកាសនោះផងដែរ លោកបណ្ឌិត លី ឆេង បានថ្លែងកោតសរសើរចំពោះក្មួយៗ ដែលបានខិតខំ យកចិត្តទុកដាក់ប្រឹងប្រែង សិក្សារៀនសូត្រ និងស្តាប់គ្រូពន្យល់ ក៏ដូចជាគោរពបទបញ្ជាផ្ទៃក្នុង មានវិន័យ សីលធម៌ និង គុណធម៌ល្អ មិនបង្កផលលំបាកដល់គ្រួសារ និងសង្គមជាតិ រហូតទទួលបានជោគជ័យក្នុងការប្រឡងបញ្ចប់វគ្គ និងទទួល បានសញ្ញាបត្រភាសាអង់គ្លេសប៊ែលធី (BELTEI ESL DIPLOMA) នាពេលនេះ ។
លោកបណ្ឌិត ក៏បានផ្តាំផ្ញើ ដល់ក្មួយៗ ទាំងអស់ឲ្យខិតខំយកចិត្តទុកដាក់ លើការរៀនសូត្របន្ថែមទៀត ដើម្បីអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន ក្នុងចាប់យក អាជីពខ្លួនឯងទៅថ្ងៃអនាគត និងប្រកួតប្រជែង ដណ្តើមទីផ្សារការងារ ជាមួយបណ្តាយុវជនទាំងអស់ ទាំងក្នុងតំបន់អាស៊ាន និងពិភពលោក ជាពិសេសដើរឲ្យទាន់ នូវការរីកចម្រើនផ្នែកបច្ចេកវិទ្យា សម័យបដិវត្តឧស្សាហកម្ម៤.០ ។

ជាទីបញ្ចប់ លោកបណ្ឌិត ប្រធានគណៈអធិបតី និង លោកស្រី បានចូលរួមអបអរសាទរ និងប្រគល់សញ្ញាបត្រដល់សិស្សជ័យលាភីទាំង ១,៥២០នាក់ នាពេលនោះផងដែរ ៕

To Top