ព័ត៌មានជាតិ

កីឡាករ កីឡាការិនី អុំទូក ភូមិព្រៃស្នួល ចាប់ផ្តើមហាត់សមត្រៀមប្រកួត នៅដើមខែក្រោយ (Video)

ភ្នំពេញ៖ ក្រុមកីឡាករ កីឡាការនី អុំទូក មកពីបណ្ដាភូមិចំនួន២២ ក្នុងឃុំរវៀង នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២នេះ បានចាប់ផ្ដើមហាត់សម លើទីលាន ដើម្បីត្រៀមក្រកួតជាផ្លូវការ នៅថ្ងៃទី៧-៩ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ។

ការហាត់សមនេះ ដឹកនាំដោយ លោក កឹម ពន្លក មេឃុំរវៀង ព្រមទាំងសមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ ក្រុមការងារគណបក្សប្រជាជនកម្ពុជាជួយឃុំរវៀង ព្រមទាំងមេភូមិ ប្រធានសហគមន៍ និងប្រជាពលរដ្ឋភូមិព្រៃស្នួលផងដែរ។

ជំនួសមុខឱ្យអ្នកភូមិ លោក សយ សុភាព បានថ្លែងអំណរគុណលោក កឹម ពន្លក មេឃុំ រវៀង សមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ និង ក្រុមការងារគណបក្សប្រជាជនកម្ពុជាជួយ ឃុំរវៀងដែលចូលរួមជួយដឹកនាំ ការប្រណាំងទូករបស់ភូមិព្រៃស្នួលឆ្នាំនេះ ដែលឆ្នាំមុនផ្តើមលេងប្រណាំងទូកត្នោតតែ៤ប៉ុណ្ណោះ។

ឆ្លៀតក្នុងឱកាសនេះ លោក​ សយ សុភាព ក៏ថ្លែងអំណរគុណ ដល់មេភូមិទាំង២២ និងប្រជាពលរដ្ឋទូទាំងឃុំរវៀងទាំងអស់ ដែលបានគាំទ្រ និងចូលរួមពិធីបុណ្យអុំទូក ភូមិព្រៃស្នួល។

សូមបញ្ជាក់ថា ភូមិព្រៃស្នួល បាននឹងកំពុងត្រៀមរៀបចំ ឱ្យមានការលេងប្រណាំងទូក ជាលើកទី២ ដែលគ្រោងនឹងប្រព្រឹត្តិទៅ ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ៕

កម្មពីធីប្រណាំងទូកស្មាច់លើកទី២ នៅភូមិព្រៃស្នួល នាឆ្នាំនេះ ក៏មានការអញ្ជើញចូលរួមជាអធិបតីភាព ពីសំណាក់ លោក អ៊ួច ភា អភិបាលខេត្តតាកែវផងដែរ។

ជាមួយនឹងការត្រៀមរៀបចំ ឱ្យការប្រណាំងទូកស្មាច់លើកទី២នេះ លោក សយ សុភាព តំណាងឱ្យអ្នកភូមិព្រៃស្នួល បានអំពាវនាវដល់ប្រជាពលរដ្ឋ ព្រមទាំងមន្រ្តីអាជ្ញាធរ ជិតឆ្ងាយទាំងអស់ អញ្ជើញចូលរួម និងជូយឧបត្ថម្ភ តាមការគួរ ដើម្បីឱ្យពិធីបុណ្យប្រណាំងទូក សប្បាយរីករាយបន្ថែមទៀត៕

To Top