ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ ស្នើពលរដ្ឋចូលរួមថែរក្សាសោភ័ណភាព​ អនាម័យបរិស្ថាន ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាន

ភ្នំពេញ៖ ដើម្បីឲ្យកិច្ចដំណើរការ នៃការរៀបចំ កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានាប្រព្រឹត្តទៅដោយភាពរលូន និងទទួលបានជោគជ័យ រដ្ឋបាលរាជធានីភ្នំពេញ សំណូមពរដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងរាជធានីភ្នំពេញ ចូលរួមសហការថែរក្សាសោភ័ណភាព អនាម័យបរិស្ថាន​ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា នៅរាជធានីភ្នំពេញ ។

យោយតាមសេចក្តីណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ បានសំណូមពរ ឲ្យប្រជាពលរដ្ឋ មេត្តាអនុវត្ត គោលការណ៍ណែនាំ៤ចំណុចរួមមាន៖
១ សូមរៀបចំបោសសម្អាត ធ្វើអនាម័យបរិស្ថាន និងរបៀបរៀបរយនៅទីធ្លាមុខផ្ទះ ព្រមទាំងរៀបចំលម្អសោភ័ណភាពផ្ទះ ឲ្យបានស្អាត ជាពិសេសបោសសម្អាត ប្រមូល និងវេចខ្ចប់សំរាម ឲ្យបានត្រឹមត្រូវ កុំទុកចោលនៅមុខផ្ទះ ដោយត្រូវរងចាំបញ្ចេញសំរាម នៅពេលសេវាកម្មរថយន្តប្រមូល និងដឹកជញ្ជូនសំរាមមកទទួលយកសំរាមទាំងនោះតាមកម្មវិធីពេលវេលាដែលបានកំណត់ ។

២ សូមរៀបចំដាក់ដងទង់ជាតិ និងចង់ទង់ជាតិនៅមុខផ្ទះ ឲ្យបានត្រឹមត្រូវមានរបៀបរៀបរយល្អជាពិសេស ត្រូវពិនិត្យមើលក្រណាត់ទង់ជាតិដែលស្អាតល្អមិនមានរហែក ឬស្លក់ពណ៌ ដើម្បីបង្ហាញអត្តសញ្ញាណជាតិ ក្នុងការលើកកម្ពស់កិត្យានុភាពជាតិ សក្កិសមជាប្រជាជាតិមួយដែលមានវប្បធម៌ និងប្រពៃណីជាតិដ៏ផូរផង់ សម្រាប់ចូលរួមអបអរសាទរ ដែលព្រះរាជាណាចក្រកម្ពុជា​ ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាននេះ ។

៣ ចំពោះបងប្អូនប្រជាពលរដ្ឋដែលកជាម្ចាស់ទីតាំងដីទំនេរ និងម្ចាស់ការដ្ឋានសាងសង់សំណង់នានា ដែលស្ថិតនៅអមតាមដងផ្លូវសាធារណៈទាំងអស់ សូមចូលរួមរៀបចំធ្វើរបងបិទបាំងនៅមុខទីតាំងដីទំនេរ និងរបងហ៊ុំព័ទ្ធការដ្ឋានរបស់ខ្លួន ដោយធ្វើការកែលម្ពឲ្យមានសោភ័ណភាព របៀនរៀបរយ និងអនាម័យបរិស្ថានឲ្យបានល្អប្រសើរ ។​ ជាពិសេសម្ចាស់ការដ្ឋានសាងសង់សំណង់នានាទាំងអស់ ត្រូវធ្វើការផ្អាកការសាងសង់ជាបណ្តោះអាសន្ន នៅក្នុងអំឡុងពេលដែលគណៈប្រតិភូជាន់ខ្ពស់ជាតិ និងអន្តរជាតិធ្វើដំណើរឆ្លងកាត់

និងទី៤ សូមការយោគយល់អធ្យាស្រ័យ និងសូមអភ័យទោសទុកជាមុន ចំពោះបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវក្នុងរាជធានីភ្នំពេញ ដោយសារតែកិច្ចប្រជុំកំពូលអាស៊ាននេះ រដ្ឋបាលរាជធានីភ្នំពេញ ត្រូវរៀបចំកិច្ចសហការក្នុងការការពារសន្តិសុខ សុវត្ថិភាព​សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ជូនគណៈប្រតិភូជាតិ និងអន្តរជាតិ ហើយអាចមានការរំខាន និងកកស្ទះតាមដងផ្លូវមួយចំនួន ដែលធ្វើឲ្យប៉ះពាល់ដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ​៕

To Top