ព័ត៌មានជាតិ

អគ្គនាយកដ្ឋាន ក.ប.ប. ធ្វើដំណើរទស្សនកិច្ច សិក្សាស្វែងយល់ ពីខ្សែចង្វាក់ផលិតកម្ម នៅរោងចក្រ ផលិត មីជាតិ និង ទឹកពិសាវីតាល់

ភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម ដឹកនាំដោយ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងមានការចូលរួមពីលោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រី នៃអគ្គនាយកដ្ឋាន ក.ប.ប. ចំនួន ៩រូប បានធ្វើដំណើរទស្សនកិច្ច សិក្សាស្វែងយល់ ពីខ្សែចង្វាក់ផលិតកម្ម នៅរោងចក្រផលិតមីជាតិ និងរោងចក្រផលិត ទឹកពិសាវីតាល់ របស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ វ័នម៉រ លីមីធីត ដោយមានការស្វាគមន៍ពី លោក ឡាវ វ៉ាន់ ទីប្រឹក្សាជាន់ខ្ពស់ នៃក្រុមហ៊ុនបុត្រសម្ព័ន្ធ វ័នម៉រ លីមីធីត និងលោកជំទាវ អ្នកឧកញ៉ា ជឹង សុគន្ធាវី សមាជិកក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនបុត្រសម្ព័ន្ធ វ័នម៉រ លីមីធីត និងជាអគ្គនាយិកា ។

ជាកិច្ចចាប់ផ្តើមកម្មវិធី លោក ឡាវ វ៉ាន់ ទីប្រឹក្សាជាន់ខ្ពស់ នៃក្រុមហ៊ុនបុត្រសម្ព័ន្ធ វ័នម៉រ លីមីធីត បានស្វាគមន៍ ចំពោះដំណើរទស្សនកិច្ច ដឹកនាំដោយលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និង សហការី ដែលបានឆ្លៀត ឱកាសស្វែងយល់ ពីខ្សែចង្វាក់ផលិតកម្មរោងចក្រទាំងពីរ និងរីករាយ ចំពោះការផ្តល់ជាអនុសាសន៍ និងធាតុចូលល្អៗ ពីសំណាក់មន្ត្រីជំនាញ។

តាមរយៈដំណើរទស្សនកិច្ចនេះ លោកប្រតិភូ ថ្នាក់ដឹកនាំ និងមន្ត្រី នៃអគ្គនាយកដ្ឋាន ក.ប.ប. បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំសម្រេចបាន របស់ថ្នាក់ដឹកនាំ និងសហការី នៃក្រុមហ៊ុនបុត្រសម្ព័ន្ធ វ័នម៉រ លីមីធីត តាមរយៈការរៀបចំ ឱ្យមានរោងចក្រផលិតមី និងទឹកពិសារ ក្នុងស្រុកដ៏ធំ និងទំនើបនៅកម្ពុជា ដែលជាការរួមចំណែកថ្មីមួយទៀត ពីវិស័យឯកជន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ក៏ដូចជាការបង្កើតឱកាសការងារ និង បង្កើនប្រាក់ចំណូលជូនប្រជាជនកម្ពុជា ។ ជាមួយគ្នានេះដែរ លោកប្រតិភូ និងសហការី ក៏បានសិក្សាស្វែងយល់បន្ថែម ពីខ្សែចង្វាក់ផលិតកម្ម រោងចក្រផលិតមីជាតិ និងទឹកពិសារវីតាល់ និងសូមជំរុញលើកទឹកចិត្ត ឱ្យក្រុមហ៊ុនបន្តអនុវត្តនូវយន្តការផ្ទៃក្នុង សម្រាប់តាមដាន និងដោះស្រាយបណ្តឹង អ្នកប្រើប្រាស់ (Internal Complaint Handling) ដែលក្រុមហ៊ុនបុត្រសម្ព័ន្ធ វ័នម៉រ លីមីធីត បាននឹងកំពុងដាក់អនុវត្ត ដើម្បីការពារសិទ្ធិ ផលប្រយោជន៍ និងសុខុមាលភាព ប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ និងការការពារខ្លួន របស់ក្រុមហ៊ុនត្រឡប់វិញ តាមរយៈយន្តការខាងលើផងដែរ ៕

To Top