ព័ត៌មានជាតិ

ឃុំខ្លួនស្រ្តីត្រូវចោទម្នាក់ ពាក់ព័ន្ធនឹងការឆបោកប្រាក់ជិត ៥១ម៉ឺនដុល្លារ តាមរយៈលក់ដីខ្យល់ជាង ៥០ហិកតា

ភ្នំពេញ៖ ចៅក្រមស៊ើបសួរ នៃ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២២ បានបង្គាប់ឲ្យឃុំខ្លួន ស្ត្រីវ័យចំណាស់ ជាប់ចោទម្នាក់ និង ម្នាក់មុខរបរជាគ្រូទាយមើលជោគជីតារាសី ផងដែរ បញ្ជូនទៅឃុំខ្លួន នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំ ចាត់ការ តាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងការឆបោកលុយ ង ៥១ ម៉ឺនដុល្លារ តាមរូបភាព លក់ដីខ្យល់ ចំនួនជាង៥០ ហិកតា ស្ថិតនៅភូមសប់ង៉ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ប្រព្រឹត្តកាលពីឆ្នាំ២០១៥ និង២០១៦ ។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួន បណ្ដោះអាសន្នរបស់ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ស្ត្រីត្រូវចោទរូបនេះ មានឈ្មោះ ប៉ុក សៅខាន អាយុ៦៣ ឆ្នាំ មុខរបេជាគ្រូទាយមើលជោគជីតារាសី មានទីលំនៅផ្ទះលេខ៧០អា ផ្លូវលេខ១៥៦ សង្កាត់ផ្សារដេប៉ូ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ សព្វថ្ងៃរស់នៅជាមួយកូន ក្នុងបុរីពិភពថ្មីកំបូល៣ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ស្រ្តីត្រូវចោទឈ្មោះ ប៉ុក សៅខាន ត្រូវបានតំណាងអយ្យាការ ចោទប្រកាន់ពីបទ: ឆបោក និងបទរំលោភលើទំនុកចិត្ត តាមបញ្ញត្តិមាត្រា ៣៧៧ មាត្រា ៣៧៨ មាត្រា ៣៩១ និងមាត្រា ៣៩២ នៃក្រមព្រហ្មទណ្ឌ ។

គាត់ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួន កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ ៕

ដោយ: លីហ្សា

To Top