ព័ត៌មានជាតិ

ចិន មានគម្រោង បង្កើតរោងចក្រ ដំឡើងរថយន្ត ក្នុងខេត្តកោះកុង

ភ្នំពេញ៖ ក្រុមហ៊ុនវិនិយោគចិន China Matrix Technology Group-Horche Intelligent Automobile បានបង្ហាញនូវចំណាប់អារម្មណ៍ និងមានគោលបំណង បោះទុនវិនិយោគលើវិស័យ បច្ចេកវិទ្យាឧស្សាហកម្ម ដោយនឹង បង្កើតរោងចក្រ និងដំឡើងរថយន្តអគ្គិសនីក្នុងភូមិសាស្ត្រខេត្តកោះកុងកម្ពុជា។ នេះបើយោងតាម រដ្ឋបាលខេត្តកោះកុង។

ក្នុងកិច្ចប្រជុំ ជាមួយ លោក លីវ ឈាន់ហ្វូ (LIU CHUANFU) អគ្គនាយកក្រុមហ៊ុន China Matrix Technology Group-Horche Intelligent Automobile ស្តីពី “សក្តានុពលវិយោគលើវិស័យបច្ចេកវិទ្យា ឧស្សាហកម្ម និងគោលបំណងរបស់ក្រុមហ៊ុនចិន ក្នុងការបង្កើតរោងចក្រដំឡើងរថយន្តអគ្គីសនី ក្នុងខេត្តកោះកុង” លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានសម្តែងសោមនស្សរីករាយក្រៃលែង និងមានមោទនភាព ដែលក្រុមហ៊ុននេះ ចាប់អារម្មណ៍បោះទុនវិនិយោគនៅក្នុងខេត្តកោះកុង។

លោកស្រីលើកឡើងថា វិស័យរ៉ែ និងថាមពល បានផ្ដល់ភាពទូលំទូលាយ ដល់អ្នកវិនិយោគទាំងឡាយ ដើម្បីអភិវឌ្ឍវារីអគ្គិសនីខ្នាតតូច និងជំរុញការអភិវឌ្ឍបច្ចេកវិទ្យា ប្រកបដោយគុណភាពខ្ពស់ស្របតាមស្តង់ដាអន្តរជាតិ មានតម្លៃថោកសមរម្យ និងមានសេវាកម្មទំនើបគ្របដណ្តប់ទូទាំងខេត្ត ដូចជា វារីអគ្គិសនី ស្ទឹងឫស្សីជ្រុំក្រោម វារីអគ្គិសនីគិរីរម្យ៣ វារីអគ្គិសនីស្ទឹងតាត។

លោកស្រីឱ្យដឹងថា ក្នុងឆ្នាំ២០២១ ខេត្តមានឧស្សាហកម្មធុនធំចំនួន០៧រោងចក្រ ដែលក្នុងនោះមានរោងចក្រតំឡើងរថយន្ត បង្គុំខ្សែភ្លើង គ្រឿងអេឡិចត្រូនិច វាយនភ័ណ្ឌកាត់ដេរ សំលៀកបំពាក់ សម្ភារកីឡា។ល។ សហគ្រាសធុនតូច មធ្យម និងសិប្បកម្ម ដែលមានចំនួន ៧៥៥ មូលដ្ឋាន។

កោះកុងជាខេត្តដែលស្ថិតនៅបែកនិរតីនៃប្រទេសកម្ពុជា មានចំងាយប្រមាណ ២៩០គីឡូម៉ែត ពីរាជធានីភ្នំពេញ ដោយមានខ្សែផ្លូវជាតិដ៏សំខាន់ចំនួន២ ក្នុងការតភ្ជាប់គឺផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៤៨ ក្នុងនោះខេត្តកោះកុងក៏មានព្រលានយន្តហោះខ្នាតអន្តរជាតិចំនួន០១ គឺព្រលានយន្តហោះតារាសាគរ ស្ថិតក្នុងតំបន់វិស្សមកាលតារាសាគរ នៃក្រុមហ៊ុនយូញៀន ក្នុងស្រុកគិរីសាគរ។

ក្រៅពីផ្លូវ គោក និងផ្លូវអាកាស ខេត្តកោះកុង ក៏កំពុងត្រូវបានសាងសង់កំពង់ផែទឹកជ្រៅ និងផ្លូវនាវាចរ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដទៃទៀតផងដែរ ក្នុងនោះច្រកទ្វារព្រំដែនអន្តរជាតិចាំយាម កម្ពុជា-ថៃ ក៏ជាច្រកព្រំដែនដ៏សំខាន់មួយក្នុងនោះការដោះដូរទំនិញ កសិកម្ម ការវិនិយោគ និងពាណិជ្ជកម្មចម្រុះ។ ខេត្តបាននិងកំពុងធ្វើការទំនាក់ទំនង និងបន្តកិច្ចសហប្រតិបត្តិការជាមួយខេត្តត្រាត ប្រទេសថៃ ក្នុងការបង្កើនបរិយាកាសកក់ក្ដៅសម្រាប់ការធ្វើអាជីវកម្ម រវាងប្រទេសទាំងពីរ៕

To Top