ព័ត៌មានជាតិ

លោកបណ្ឌិត ហ៊ុន ម៉ាណែត សម្ពោធឆ្លងសាលាពុទ្ធិកអនុវិទ្យាល័យសម្តេចព្រះវនរ័ត ណយ ច្រឹក ច័ន្ទបុរីវង្ស និងសមិទ្ធផលនានា ក្នុងវត្តច័ន្ទបុរីវង្ស

ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងក្នុងពិធីសម្ពោធឆ្លងសាលាពុទ្ធិកអនុវិទ្យាល័យសម្តេចព្រះវនរ័ត ណយ ច្រឹក ច័ន្ទបុរីវង្ស និងសមិទ្ធផលនានា ក្នុងវត្តច័ន្ទបុរីវង្ស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២។

លោកបណ្ឌិត សូមចូលរួមអបអរសាទរ ចំពោះការកើតឡើងជាបន្តបន្ទាប់នូវសមិទ្ធផលថ្មីៗ នៅក្នុងវត្តច័ន្ទបុរីវង្សដែលមានអាយុកាលប្រមាណជាង ៥០០ ឆ្នាំមួយនេះ ហើយក៏ជាសក្ខីភាពនៃកម្លាំងមហាសាមគ្គី ប្រកបដោយសទ្ធាជ្រះថ្លាដ៏ថ្លៃថ្លា របស់ពុទ្ធបរិស័ទជិតឆ្ងាយរួមជាមួយនឹង សម្តេច ទ្រង់ ព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គ ក្នុងការកសាងអភិវឌ្ឍទីអារាមសម្រាប់បម្រើឱ្យសេចក្តីត្រូវការជាក់ស្តែង និងជាកេរដំណែលដល់ជំនាន់ក្រោយៗយូរអង្វែងតទៅ។ ក្រោមបរិយាកាសអំណោយផលនៃសុខសន្តិភាពពាសពេញផ្ទៃប្រទេស  និងការជ្រោមជ្រែងឧបត្ថម្ភគាំទ្រ ពីសំណាក់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចតេជោ នាយករដ្ឋមន្ត្រី វិស័យសាសនាត្រូវបានលើកតម្កើង តាមរយៈការបង្កលក្ខណៈគ្រប់យ៉ាង ដល់ដំណើរគោរពប្រតិបត្តិជំនឿ ប្រកបដោយសិទ្ធសេរីភាពពេញលេញ ដែលជាការរួមចំណែកយ៉ាងសំខាន់ ដល់ការរក្សាបាននូវសុខុដុមនីយកម្មវិស័យសាសនា នៅទូទាំងប្រទេសកម្ពុជា។ 

លោក បានរំលេចផងដែរថា ស្ថានការណ៍រីករាលដាលនៃជំងឺកូវីដ-១៩ បានគ្របដណ្តប់នៅទូទាំងសាកលលោក ហើយក្នុងរយៈពេលដ៏ខ្លី ជំងឺដ៏កាចសាហាវនេះបានឆក់យកអាយុជីវិតប្រជាពលរដ្ឋយ៉ាងច្រើន និងបានបង្កជាសោកនាដកម្ម និងផលប៉ះពាល់ធ្ងន់ធ្ងរផ្នែកសេដ្ឋកិច្ច -សង្គម។ ក្នុងនេះ  កម្ពុជាក៏ទទួលផលប៉ះពាល់ផងដែរ ប៉ុន្តែដោយសារតែកុសលផលបុណ្យនៃការរួបរួមគ្នាជាធ្លុងមួយរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ នៅក្រោមការដឹកនាំប្រកបដោយយុទ្ធសាស្ត្ររបស់ សម្តេចតេជោ ទើបធ្វើឱ្យប្រទេសជាតិយើងបានទទួលជោគជ័យលើការគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ-១៩ និងព្រមទាំងអស់បើកដំណើរការប្រទេសលើគ្រប់វិស័យឡើងវិញយ៉ាងឆាប់រហ័ស ហើយក៏ទទួលបាននូវចំណាត់ថ្នាក់សាកលផងដែរ នៅក្នុងការវាយតម្លៃពីមជ្ឈដ្ឋានអន្តរជាតិ។ ទាំងនេះ ក៏បានឆ្លុះបញ្ចាំងផងដែរអំពីជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើ សម្តេចតេជោ ជាពិសេសដូចដែលស្តែងឡើងតាមរយៈទទួលយកការចាក់វ៉ាក់បង្ការកូវីដ-១៩ ដោយស្ម័គ្រចិត្ត និងដោយគ្មានភាពអល់អែក។  តាំងពីដើមរៀងមក រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចតេជោ តែងបានយកចិត្តទុកដាក់ និងនៅក្បែរប្រជាពលរដ្ឋជាប់ជាប្រចំា ហើយក៏បានខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងការបម្រើប្រជាពលរដ្ឋ ដោយធ្វើការកែលម្អរាល់ចំណុចខ្វះខាតនានាជាប់ជាប្រចាំ។

មិនតែប៉ុណ្ណោះ លោក ម៉ាណែត ក៏បញ្ជាក់ផងដែរថា គណបក្សប្រជាជនកម្ពុជា មិនល្អឥតខ្ចោះនោះទេ គឺដូចនឹងជីវិតរបស់មនុស្សម្នាក់ៗផងដែរ ដែលអាចទទួលរងនូវការរិះគន់តិះទៀន ហើយពេលខ្លះក៏ទទួលរងនូវការប្រឌិតរឿងវាយប្រហារមកលើយើងផងដែរ។ អ្វីដែលសំខាន់ គឺការរក្សាភាពអត់ធ្មត់ ដើម្បីទុកពេលវេលាបន្តធ្វើការងារដែលយើងគិតថាត្រឹមត្រូវ ហើយធ្វើដោយការទទួលខុសត្រូវ។ ពិតណាស់ ដំណើររីកចម្រើនរបស់បុគ្គលម្នាក់ គឺប្រៀបបានទៅនឹងដើមឈើដែលដំាក្នុងផ្ទះបៃតង និងដើមឈើដែលដំាក្នុងបរិយាកាសខាងក្រៅ។ ដើមឈើដែលដំាក្នុងផ្ទះបៃតងអាចមានកម្រិតសុវត្ថិភាពខ្ពស់ព្រោះមិនមានខ្យល់បោកបក់ និងអាចទទួលបាននូវការថែទាំដិតដល់ ហើយឫសកែវនៃដើមឈើនេះក៏អាចលូតលាស់តាមសម្រួល ប៉ុន្តែមិនប្រាដកថាអាចមានជីវិតរឹងមាំយូរអង្វែងបានទ្បើយ ជាពិសេសនៅក្នុងកាលៈទេសៈដែលជួបបញ្ហាធំៗមកប៉ះមកយាយី។  ចំណែកឯដើមឈើដែលដាំក្នុងបរិយាកាសខាងក្រៅ ប្រាកដណាស់ គឺតែងបានជួបនូវឧបសគ្គ ព្យុះ ភ្លៀង ផ្គរ រន្ទៈ ជាប្រចាំដែលធ្វើឱ្យឫសកែវធ្វើការយ៉ាងលំបាកវេទនាដើម្បីទប់ទល់ទៅនឹងឧបសគ្គ។ ក្នុងន័យនេះ បញ្ហាលំបាកលំបិននានាក្នុងដែលកើតមានទ្បើងក្នុងជីវិត អាចនឹងជួយជាបំណិនជីវិតសម្រាប់បុគ្គលគ្រប់រូបក្នុងការកសាង និងអភិវឌ្ឍខ្លួន ដោយផ្អែកលើភាពចាស់ទុំ និងបទពិសោធន៍ដែលបានឆ្លងកាត់៕

To Top