ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំ ក្រុមការងារបច្ចេកទេស ចុះពិនិត្យស្ថានភាពគុណភាព ស្ពានព្រែកតាមាក់ ដោយប្រើប្រាស់រថយន្តបំពាក់ ឧបករណ៍អង្កេតពិនិត្យស្ពាន រ៉ូបូតត្រួតពិនិត្យខ្សែកាបស្ពាន និងឧបករណ៍ត្រួតពិនិត្យលំញ័រ ស្ពានផងដែរ។
![](https://dap-news.com/wp-content/uploads/2022/11/photo_2022-11-03_09-02-53-1024x682.jpg)
រថយន្តបំពាក់ឧបករណ៍អង្កេតពិនិត្យស្ពាន និងឧបករណ៍បច្ចេកទេស ទំនើបថ្មីៗមួយចំនួន ត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាទិញយកមកប្រើប្រាស់ ដើម្បីសម្រួលលើការងារត្រួតពិនិត្យ និងថែទាំស្ពាន ឱ្យកាន់តែមានភាពងាយស្រួល និងសុវត្ថិភាព។
![](https://dap-news.com/wp-content/uploads/2022/11/photo_2022-11-03_09-02-43-1024x682.jpg)
ការចុះពិនិត្យនេះធ្វើឡើង ក្នុងគោលបំណងដើម្បីសិក្សា ស្វែងយល់ពីស្ថានភាពជាក់ស្ដែង របស់ស្ពានព្រែកតាមាក់ ក៏ដូចជាដើម្បីបង្ហាញពីរ បៀបប្រើប្រាស់គ្រឿងចក្រ និងឧបករណ៍បច្ចេកទេសថ្មីៗ ជូនទៅកាន់ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធសំដៅពង្រឹង និងពង្រីកបន្ថែមលើសមត្ថភាពការងារថែទាំ ហេដ្ឋារចនាសម្ព័ន្ធស្ពាននៅទូទាំងប្រទេស។
![](https://dap-news.com/wp-content/uploads/2022/11/photo_2022-11-03_09-02-48-1024x682.jpg)
ក្នុងដំណើរបេសកកម្មនេះ លោកទេសរដ្ឋមន្ត្រី បានអញ្ជើញចុះទៅពិនិត្យ ដោយផ្ទាល់នូវសំណង់បាតស្ពាន ផ្នែកខាងក្រោមនៃស្ពានព្រែកតាមាក់ តាមរយៈរថយន្តបំពាក់ឧបករណ៍ អង្កេតពិនិត្យស្ពានមួយនេះ ដើម្បីពិនិត្យឱ្យដឹងថា ស្ពានមានស្នាមប្រេះស្រាំ និងបញ្ហាខូច ឬយ៉ាងណា។
![](https://dap-news.com/wp-content/uploads/2022/11/photo_2022-11-03_09-02-50-1024x682.jpg)
បន្ទាប់ពីការចុះពិនិត្យដោយផ្ទាល់រួចមក លោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងថា ការប្រើប្រាស់រថយន្តបំពាក់ ឧបករណ៍អង្កេតពិនិត្យស្ពាននេះ បានផ្តល់នូវភាពងាយស្រួល និងមានភាពសុក្រឹត្យជាង ការចុះពិនិត្យមើលបាតស្ពានកាលពីពេលកន្លងមក ដែលដោយគ្មានឧបករណ៍ប្រភេទនេះ ។
![](https://dap-news.com/wp-content/uploads/2022/11/photo_2022-11-03_09-02-56-1024x682.jpg)
លោក បានបញ្ជាក់បន្ថែមថា រថយន្តដែលបំពាក់ឧបករណ៍ អង្កេតពិនិត្យស្ពានប្រភេទនេះ មានលក្ខណៈទំនើប មានសមត្ថភាពខ្ពស់អាច ផ្ទុកមនុស្សបានប្រមាណ ១០នាក់ សម្រាប់ការចុះទៅពិនិត្យមើលបាតស្ពាន ៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)