ព័ត៌មានជាតិ

​នាយករដ្ឋមន្ត្រីកម្ពុជា-ចិន នឹងជួបពិភាក្សាទ្វេភាគី ផ្តោតលើទិដ្ឋភាពផ្សេងៗ នៃកិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងជួបពិភាក្សាទ្វេភាគីជាមួយលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន នៅវិមានសន្តិភាព ដោយផ្តោតការពិភាក្សាលើទិដ្ឋភាពផ្សេងៗ នៃកិច្ចសហប្រតិបត្តិការភាពជាដៃគូ យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលជាកង្វល់រួម។

នៅចុងបញ្ចប់នៃជំនួប ថ្នាក់ដឹកនាំទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើ ឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួន និងក្នុងពិធីសម្ភោធជានិមិត្តរូប បើកឱ្យប្រើប្រាស់ជាផ្លូវការនូវ ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងព្រះសីហនុ។

យោងតាមសចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី៥ វិច្ឆិកានេះ បានឲ្យដឹងថា ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ៨-១១ ខែវិច្ឆិកា ឆ្នាំ២០២២ លោក លី ខឺឈាង ​​នឹងថ្វាយបង្គំគាល់​ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងព្រះបរមរាជវាំង។

​លោកនាយករដ្ឋមន្រ្តីចិន នឹងអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូបព្រះករុណា ព្រះបាទសម្ដេច​ព្រះនរោត្ដម ​​​សីហនុ​ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា។

លោក លី ខឺឈាង ក៏នឹងអញ្ជើញធ្វើទស្សនកិច្ច ទៅកាន់ខេត្តសៀមរាប ដែលក្នុងឱកាសនោះ លោកនឹងអញ្ជើញធ្វើជា អធិបតីជាមួយលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាតំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីប្រគល់គម្រោងស្ថាបនាឡើងវិញ នៃប្រាសាទតាកែវ ផងដែរ ៕

To Top