ព័ត៌មានជាតិ

ប្រធានព្រឹទ្ធសភាកម្ពុជា​ ទទួលជួបនាយករដ្ឋមន្រ្តីវៀតណាម

ភ្នំពេញ​ ៖​ នារសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបជាមួយលោក ផាម មិញជីញ (Pham Minh Chin) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសដែលលោក ផាម មិញជីញ ដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០, ៤១ និងកិច្ចប្រជុំពាក់ព័ន្ធនៅរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា តបតាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោក ផាម មិញជិញ នាយករដ្ឋមន្រ្តីវៀតណាម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា ពីថ្ងៃទី០៨ ដល់ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២។

ដំណើរទស្សនកិច្ច របស់នាយករដ្ឋមន្រ្តីវៀតណាម នាពេលនេះ ស្របនឹងការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ ដែលត្រូវបានកំណត់ជា «ឆ្នាំមិត្តភាពកម្ពុជា-វៀតណាម» ដែលនឹងធ្វើឱ្យទំនាក់ទំនងជាមិត្តភាពរវាងប្រទេសទាំងពីរ កាន់តែមានភាពល្អប្រសើរឡើងបន្ថែមទៀត៕

To Top