កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ បានអញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យវឌ្ឍនភាពការសាងសង់ សាលាសង្កាត់កំពង់ចាម សាលាសង្កាត់វាលវង់ និងផ្លូវមួយខ្សែ ក្នុងក្រុងកំពង់ចាម ។
បើតាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា សាលាសង្កាត់កំពង់ចាម ត្រូវបានប្ដូរទីតាំងពីរភូមិទី ១១ មកសាងសង់ក្នុងភូមិទី ៧ ខាងក្រោយមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមវិញ ។ បច្ចុប្បន្នសាលាសង្កាត់កំពង់ចាមនេះសាងសង់បានលទ្ធផលប្រមាណជា ៨០ % ។ ទន្ទឹមនិងនេះដែរ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានពន្លឿនក្រុមជាងត្រូវសាងសង់ឲ្យរួចនៅបំណាច់ឆ្នាំ ២០២២ ខាងមុខនេះ។
ដោយឡែក ចំពោះសាលាសង្កាត់វាលវង់ ដោយសារទីតាំង ចាស់តូចចង្អៀត ត្រូវបានអភិបាល ខេត្តកំពង់ចាម សម្រេចសាងសង់ថ្មី ស្ថិតក្នុងភូមិទី ១ ដដែល ។ បច្ចុប្បន្នសាលាសង្កាត់វាលវង់ សាងសង់បានលទ្ធផលប្រមាណជា ៥០ទៅ ៦០ % ហើយដែរ នឹងត្រូវសាងសង់រួចរាល់ជា ស្ថាពរនៅបំណាច់ឆ្នាំ ២០២២ ខាងមុខនេះ ដូចសាលាសង្កាត់ កំពង់ចាមដែរ ។
បើតាមលោក នង ម៉េងហ៊ាង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម បានឲ្យដឹងផងដែរថា ផ្លូវតាណេង ទទឹងប្រវែង ១៤ ម៉ែត្រ និង បណ្តោយប្រវែង ៧០០ ម៉ែត្រ ជាប្រភេទ ផ្លូវក្រាលកៅស៊ូ DBST ស្ថិតនៅភូមិតាណេង សង្កាត់សំបូរមាស ក្រុងកំពង់ចាម បានស្ថាបនា រួចរាល់ជាស្ថាពរហើយ ៕