ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបញ្ចៀសចរាចរ និងផ្អាកចរាចរជាបណ្តោះអាសន្ន ជុំវិញទីតាំងប្រារព្ធពិធីបេីកការប្រកួតកីឡាជាតិ លើកទី៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រហូតដល់បញ្ចប់កម្មវិធី ដោយមិនអនុញ្ញាតឲ្យយានជំនិះគ្រប់ប្រភេទ ឆ្លងកាត់កំណាត់មហាវិថីឈ្នះឈ្នះ ពីគល់ស្ពានព្រែកព្នៅ រហូតដល់ផ្លូវជាតិលេខ៦ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ និងនាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់បញ្ចប់កម្មវិធីសម្រាប់ថ្ងៃនីមួយៗ ។
ការសម្រេចបិទចរាចរជាបណ្តោះអាសន្ននេះ ដោយក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបពិធីបើក និងបិទការប្រកួតកីឡាជាតិ លើកទី៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕