ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ

ភ្នំពេញ ៖ នៅល្ងាច ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបើកព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និងកីឡាជនពិការលើកទី១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ពិធីបើកការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការលើកទី១ នេះ ជារៀបចំសាកល្បងដូចទៅនឹងការរៀបចំពិធីបើកការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នាពេលខាងមុខដែរ ដើម្បីធានាបាននូវសុវត្ថិភាព និងសន្ដិសុខ សណ្ដាប់ធ្នាប់ល្អ។

លើសពីនេះ ការប្រកួតកីឡាជាតិលើកទី៣ ត្រូវរៀបចំផ្ដោតលើគោលបំណងសំខាន់ៗ ចំនួន ប្រាំចំណុច រួមមាន៖

១-ផ្ដល់ឱកាសដល់សហព័ន្ធកីឡាជាតិ បានដាក់មន្ដ្រីបច្ចេកទេសដែលបានបណ្ដុះបណ្ដាលរួចឲ្យអនុវត្តក្នុងការរៀបចំប្រកួតជាក់ស្ដែងនៅលើទីលានដើម្បីទទួលបានចំណេះដឹងនិងបទពិសោធន៍នៃការរៀបចំការប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម។

២-កីឡាករកីឡាការិនីបានវាស់ស្ទង់គុណផលកីឡានិងទទួលបានបទពិសោធន៍នៃការប្រកួត។

៣-អាចប៉ាន់ស្មានតម្រូវការទីលាននិងសម្ភារឧបករណ៍បច្ចេកទេសតាមស្ដង់ដារនៃការប្រកួតជាលក្ខណៈហ្គេម។

៤-តេស្ដសាកល្បងនៃការរៀបចំពិធីបើកបិទឲ្យស្របតាមស្ដង់ដារនៃការប្រកួតជាលក្ខណៈហ្គេម។

និង៥-ជាការសាកល្បងចុងក្រោយសម្រាប់ត្រៀមលក្ខណៈធ្វើម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ និងជាការពង្រឹងការរៀបចំការប្រកួតក្នុងបរិបទនៃជំងឺកូវីដ១៩ដោយត្រូវអនុវត្តតាមគោលការណ៍ប្រតិបត្តិស្ដង់ដារ(SOP)និងការគោរពតាមវិធានសុវត្ថិភាពសុខភាពរបស់ក្រសួងសុខាភិបាលឲ្យបាន ត្រឹមត្រូវនិងម៉ឺងម៉ាត់៕

To Top