ព័ត៌មានជាតិ

វីតាល់ សហការជាមួយ ក្រសួងបរិស្ថាន ប្រារព្ធទិវាអនាម័យ បរិស្ថានជាតិ ២៣វិច្ឆិកា ក្រោមប្រធានបទ “មាតុភូមិយើង កាតព្វកិច្ចយើង ស្អាត និងបៃតង”

មណ្ឌលគីរី ៖ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានចូលរូមឧបត្ថម្ភគាំទ្រដល់ ទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា សហការរៀបចំដោយ ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តមណ្ឌលគីរី ក្រោមប្រធានបទ “មាតុភូមិយើង កាតព្វកិច្ចយើងស្អាត និងបៃតង” នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី។ កម្មវិធីនេះបានប្រព្រឹត្តទៅ ចំនួន២ថ្ងៃ នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី ក្នុងសកម្មភាពផ្សព្វផ្សាយ ចំណេះដឹងពីបរិស្ថាន ជូនសិស្សានុសិស្សប្រមាណ២០០នាក់ អមដោយសំនួរ-ចម្លើយ និងសកម្មភាពដាំកូនឈើ ។ នាថ្ងៃបន្ទាប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នាបរិវេណសួនដំរី ក្រុងសែនមនោរម្យ ទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា បានរៀបចំឡើងយ៉ាងអធិកអធម ដោយទទួលបានការ អញ្ជើញចូលរួមពីសំណាក់ លោក ស៊ឹម យ៉ារ៉ែន អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន តំណាងលោកមរដ្ឋមន្រ្តី ក្រសួងបរិស្ថាន លោក ចាន់ រតនា អភិបាលរង តំណាងអភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគីរី, លោកស្រី ជឹង សុគន្ធាវី អគ្គនាយិកា ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់), លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត រដ្ឋបាលក្រុង-ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត ដៃគូសង្គមស៊ីវិល មន្ត្រីរាជការ កងកម្លាំង ប្អូនៗអ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហម យុវជនកាយរិទ្ធ ថ្នាក់ដឹកនាំ បុគ្គលិកវីតាល់ និងប្រជាពលរដ្ឋប្រមាណ ៣០០នាក់ ។

ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា បានរៀបចំឡើង ក្នុងគោលបំណងបំផុសស្មារតី និងផ្លាស់ប្តូរឥរិយាបថ ប្រជាពលរដ្ឋឱ្យ ចេះស្រលាញ់ ថែរក្សា និងជាពិសេសធ្វើការ សម្អាតអនាម័យបរិស្ថាន ។ ការប្រារព្ធទិវានេះ បានក្លាយជាចរន្តចលករ ដែលជំរុញឱ្យមានការ ផ្តើមធ្វើសកម្មភាព មេត្រីបរិស្ថាន ចេញពីបុគ្គលម្នាក់ៗ ក្នុងការចេះទទួលខុសត្រូវ ក្នុងការទុកដាក់កាកសំណល់ ដោយមិនបោះចោលពាសវាលពាស កាលនៅតាមទីសាធារណៈ ជាហេតុធ្វើឱ្យប៉ះពាល់ ដល់សោភ័ណភាព រាជធានី-ខេត្ត និងមូលដ្ឋាន ។

លោកស្រី ជឹង សុគន្ធាវី អគ្គនាយិកា ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានមានប្រសាសន៍ថា៖ «វីតាល់ ក្នុងនាមវិស័យឯកជន សូមសម្ដែងនូវក្ដីរីករាយ ដោយកត់សម្គាល់ឃើញថា ព្រឹត្តិការណ៍ថ្ងៃនេះ ទទួលបានការចាប់អារម្មណ៍ និងចូលរួមពីបុគ្គល និងដៃគូសំខាន់ៗ ដែលបានចូលរួមផ្តល់ការគាំទ្រ និងផ្តល់អនុសាសន៍ល្អៗ សម្រាប់ជាធាតុចូលក្នុងការកំណត់អាទិភាពការងារ ក៏ដូចជាកំណត់ នូវវិធានការសំខាន់ៗ ក្នុងការដោះស្រាយបញ្ហា ដែលយើងទាំងអស់គ្នាកំពុងតែជួបប្រទះ ដែលនេះជាកាតព្វកិច្ចយើងទាំងអស់គ្នា សម្រាប់មាតុភូមិកម្ពុជាមួយនេះ ។

លោកស្រី បានបន្ថែមទៀតថា អ្វីដែលគួរឱ្យកត់សម្គាល់ និងវាយតម្លៃខ្ពស់នោះគឺការរៀបចំឱ្យមានកម្មវិធីផ្សព្វផ្សាយចំណេះដឹងពីបរិស្ថាន ជូនសាធារណៈជន សិស្សានុសិស្ស ដែលនេះជាការបំផុសស្មារតី និងជំរុញដល់ការផ្លាស់ប្តូរឥរិយាបថ ផ្តើមចេញពីខ្លួនយើងម្នាក់ៗ ក្នុងការចេះស្រលាញ់ ថែរក្សា និងក្លាយជាចរន្តចលករ ដែលជំរុញឱ្យមានការ ចាប់ផ្តើមធ្វើសកម្មភាពមេត្រីភាពបរិស្ថាន ដើម្បីសោភ័ណភាព សហគមន៍យើង មាតុភូមិយើង ស្អាត និងកាន់តែប្រពៃ» ។

ថ្លែងក្នុងពិធីនោះ លោក ស៊ឹម យ៉ារ៉ែន អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងជាតំណាងលោករដ្ឋមន្រ្តី ក្រសួងបរិស្ថាន បានវាយតម្លៃខ្ពស់ ចំពោះក្រុមហ៊ុនវ័ន ហ្វ្រេតធើនីធី (វីតាល់) ដែលបានចូលរួមជាមួយ ក្រសួងបរិស្ថានក្នុងការ ឧបត្ថម្ភគាំទ្រ ដល់ការរៀបចំ ទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ។

លោកអនុរដ្ឋលេខាធិការបានគូសបញ្ជាក់ថា ៖ «ការប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា នេះ នឹងធ្វើឲ្យគ្រប់មជ្ឈដ្ឋាន បានឃើញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់គ្រប់ភាគី ក្នុងការថែរក្សា អនាម័យបរិស្ថាន និងជាសារបញ្ជូន ទៅកាន់គ្រប់ទិសទី នៃប្រទេសកម្ពុជាថា «ការថែរក្សាអនាម័យ បរិស្ថាន គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា និងជាការចូលរួមថែរក្សា ការពារមាតុភូមិកម្ពុជា ដែលជាផ្ទះរបស់យើង ទាំងអស់គ្នា» ។ លោកបានបន្ថែមទៀតថា ព្រឹត្តិការណ៍នេះ ក៏នឹងជំរុញប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ចូលរួមប្រតិបត្តិមេត្រីភាពបរិស្ថាន ដែលជាផ្នែកមួយ ជួយឱ្យភូមិ ឃុំ សង្កាត់ របស់យើងកាន់តែមានសោភ័ណភាពស្រស់ស្អាត និងមានភាពបៃតង ស្របតាមលក្ខណៈសម្បត្តិទី៦ នៃគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពគឺ “មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ”។

លោក ចាន់ រតនា អភិបាលរង នៃគណៈភិបាលខេត្តមណ្ឌលគីរី «បានកោតសសើរ និង ថ្លែងអំណរគុណចំពោះ ក្រុមហ៊ុន វីតាល់ ដែលបានចូលរួមឧបត្ថម្ភ សម្រាប់ការប្រារព្ធទិវានេះ ។ ជាមួយគ្នានេះ លោក ក៏បានអំពាវនាវឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការ កងកម្លាំប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត បន្តចូលរួមសំអាតអនាម័យសំរាម កុំបោះចោលសំរាម នៅតាមគេហដ្ឋាន ភោជនីយដ្ឋាន រមនីយដ្ឋាន និងនៅតាមដងផ្លូវនានា ដែលធ្វើឲ្យមានភាពកខ្វក់ ប៉ះពាល់ដល់ការរស់នៅ និងធ្វើឲ្យខូចនូវសោភណ្ឌភាពខេត្ត ការចូលរួមសំអាតអនាម័យ និងទុកដាក់សំរាម ឲ្យបានត្រឹមត្រូវល្អ គឺបានធ្វើឲ្យខេត្តទទួលបាននូវចំណាត់ថ្នាក់ ជ័យលាភីផ្ការំដួលពីរទង សម្រាប់ក្រុងសែនមនោរម្យរួចមកហើយ»។

ចាប់តាំងពីការ ចាប់ផ្តើមអាជីវកម្ម វីតាល់ បានកំណត់អទិភាពការងាររបស់ខ្លួន មិនត្រឹមតែផ្តល់ ជូននូវទឹកពិសា ដែលមានគុណភាពខ្ពស់ សុវត្ថិភាព និងអនាម័យ ការចូលរួមសកម្មភាពសង្គម និងការឆ្លើយតបទៅហ្នឹងតម្រូវការរបស់សង្គម ជាកិច្ចការមួយទៀត ដែលវីតាល់បានប្រកាន់ភ្ជាប់ ។ ក្នុងនោះរបៀបវរៈនៃការចូលរួម ចំពោះបរិស្ថាន ដែលមូលនិធិ២៥៛ វីតាល់ បានដាក់ចេញនូវគម្រោងមួយចំនួន ដែលទទួលបានការសាទរ និងជាគំរូ ដល់ក្រុមអ្នកផលិតទឹកពិសា នៅកម្ពុជា ។ ក្នុងនោះកាលពីខែសីហា ឆ្នាំ២០១៥ វីតាល់បាន រៀបចំឱ្យមានគម្រោង Vital Go Green តាមរយៈការឈប់ ប្រើប្រាស់ប្លាស្ទិក លើគម្របដប មុនដំបូងគេ សម្រាប់ផលិតផលទឹកពិសា ក្នុងស្រុកនៅកម្ពុជា ដែលគំរូនេះបានក្លាយ ជាចលករ នៃការផ្លាស់ប្តូរ បរិបទ នៃការផលិតទឹកពិសា ដោយពុំមាន ប្លាស្ទិកលើគម្របដប សម្រាប់ទីផ្សារកម្ពុជា ។ បន្តបន្ទាប់ វីតាល់ បានចូលរួម តាមរយៈការកាត់បន្ថយ កម្រាស់ជ័រដប និងគាំទ្រដល់គំនិតផ្តួចផ្តើមបរិស្ថានផ្សេងៗ មានដូចជាការស្តារឡើងវិញ នៅថ្នាលបណ្តុះកោងកែង ដែលជាគម្រោងរបស់ វីតាល់ ជាមួយក្រសួងបរិស្ថាន សម្រាប់ឆ្នាំ២០២៣ ។ ជាមួយគ្នានេះ គូសបញ្ជាក់ផងដែលវិស័យបរិស្ថាន គឺជាវិស័យអតិភាព ដែល វីតាល់ បានធ្វើវិភាគទាន និងបរិច្ចាគច្រើនជាងគេ ក្នុងវិស័យទាំង៤ នៃសសរស្តម្ភ ការងារសង្គម របស់វីតាល់ តាមរយៈសកម្មភាពមូលនិធី២៥៛ ដែលកើតចេញ ពីការបរិច្ចាគ របស់អ្នកប្រើប្រាស់ តាមរយៈការជាវ វីតាល់ ១ដប លោកអ្នកបាន បរិច្ចាគ ២៥៛ ជូនមូលនិធិ សម្រាប់ជាមូលធន ក្នុងការអនុវត្តសកម្មភាព CSR របស់ក្រុមការងារវីតាល់ ។ ឈរលើមូលដ្នាននេះ វីតាល់ បានខិតខំយ៉ាងសកម្ម ក្នុងការបញ្ចូលបន្ថែម នូវសកម្មភាពបរិស្ថាន តាមរយៈដៃគូអភិវឌ្ឍន៍ ក្រសួងស្ថាប័ន សម្រាប់ឆ្នាំបន្តបន្ទាប់ ដើម្បីជាចំណែក នៃការស្តារផលប៉ះពាល់ចំពោះបរិស្ថាន និងដើម្បីមេត្រីភាពបរិស្ថាន របស់មាតុភូមិយើង ៕

To Top