ព័ត៌មានជាតិ

រដ្ឋមន្ត្រីប្រ៊ុយណេ ៖ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន នៅកម្ពុជា កំពុងដំណើការ ប្រកបដោយផ្លែផ្កា ក្នុងទិសដៅពង្រឹងសន្តិភាព

ភ្នំពេញ ៖ លោក ដាតុ ប៉ាឌុកា សឺរី ហាជី អាវ៉ាង ហាល់ប៊ី ប៊ីន ហាជី ម៉ូដ យូសូហ្វ (Dato Paduka Seri Haji Awang Halbi bin Haji Mohd Yussof) រដ្ឋមន្ត្រីទទួលបន្ទុកខុទ្ទកាល័យ នាយករដ្ឋមន្ត្រី ប្រ៊ុយណេដារ៉ូសាឡាម បានថ្លែងថា កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងដៃគូ នៅកម្ពុជា នាពេលនេះ កំពុងដំណើការប្រកបដោយផ្លែផ្កា ក្នុងទិសដៅពង្រឹងសន្តិភាព និងស្ថិរភាព ។

នាឱកាសអញ្ជើញ ទទួលជួបជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក យូសូហ្វ បានឱ្យដឹងថា ជំនួសមុខឱ្យរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងដៃគូបានគោរពសម្តែងនូវការអបអរសាទរ ជូនចំពោះសម្តេចតេជោ ដែលបានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធទទួល បានជោគជ័យយ៉ាងត្រចះត្រចង់ ។

លោក យូសូហ្វ បានបញ្ជាក់ថា «គោរពថ្លែងអំណរគុណ ជូនចំពោះសម្តេចតេជោ នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាននិងកំពុងរៀបចំនិង ដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងដៃគូបានយ៉ាងល្អ ហើយកិច្ចប្រជុំរដ្ឋមន្ត្រី ការពារជាតិអាស៊ាន និងដៃគូកំពុងដំណើការប្រកបដោយផ្លែផ្កា និងប្រកបដោយស្មារតីមិត្តភាព ក្នុងទិសដៅពង្រឹកសន្តិភាព ស្ថិរភាព ដោយឈរលើមជ្ឈភាពអាស៊ាន»។

ជាការឆ្លើយតបសម្តេចតេជោនាយករដ្ឋមន្ត្រី បានស្វាគមន៍រដ្ឋមន្ត្រីការពារជាតិអាស៊ាន និងដៃគូដែលបានអញ្ជើញមកកាន់ទីក្រុងសៀមរាបរួមគ្នា ដើម្បីចូលរួមដោះស្រាយបញ្ហាសន្តិសុខ ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណផងដែរ ដល់ថ្នាក់ដឹកនាំកំពូលនិងរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងដៃគូដែលបានគាំទ្រ ភាពជាប្រធានអាស៊ាន និងប្រធានកិច្ចប្រជុំកំពូល ពាក់ព័ន្ធកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន របស់កម្ពុជាផងដែរ ។ ឆ្លៀតក្នុងឱកាសនោះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអបអរសាទរ ចំពោះជំនួប រវាងរដ្ឋមន្ត្រីការពារជាតិចិន និងរដ្ឋមន្ត្រីការពារជាតិ សហរដ្ឋអាមេរិក ហើយក៏បានមានប្រសាសន៍ ផងដែលថាទីក្រុងសៀមរាប ជាកន្លែងដ៏សក្ដិសម សម្រាប់ជំនួបនេះ៕

To Top