នយោបាយ

កម្ពុជា ត្រៀមខ្លួនជានិច្ច សហការល្អជាមួយ អាស៊ែបៃហ្សង់ ពង្រឹងទំនាក់ទំនង រវាងប្រទេសទាំងពីរ

ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា ត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ ល្អជាមួយ ប្រទេសអាស៊ែបៃហ្សង់ ដោយពង្រឹងពង្រីក ទំនាក់ទំនងរវាងប្រទេស និងប្រជាជន ទាំងពីរផងដែរ ។

នាឱកាសអញ្ជើញ ទទួលជួបពិភាក្សាការងារ ជាមួយលោកស្រី Sahiba Gafarova ប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានព្រឹទ្ធសភា សម្តេច សាយ ឈុំ បានថ្លែងថា «ព្រឹទ្ធសភាកម្ពុជាត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ ល្អ ជាមួយលោកជំទាវ ក៏ដូចជាសភា អាស៊ែបៃហ្សង់ ដើម្បីពង្រឹងពង្រីក ទំនាក់ទំនងរវាងប្រទេស ប្រជាជនទាំងពីរ និងសភាទាំងពីរ ដោយខិតខំជំរុញ ឱ្យមានការផ្លាស់ប្តូរទស្សនកិច្ច ទៅវិញទៅមក» ។

សម្ដេច បន្ដថា ពិសេសជួយគាំទ្រគ្នា ទៅវិញទៅមក ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការតំបន់ និងអន្តរជាតិ នៃអន្តរសភា ជាអាទិ៍ក្នុងក្របខ័ណ្ឌបណ្តាញសភា នៃចលនាមិនចូលបក្ស សម្ព័ន្ធ សភាកម្ពុជាគាំទ្រ និង សហការពេញលេញ ជាមួយបណ្តាញសភា នៃចលនាមិនចូលបក្សសម្ព័ន្ធ និងតាមរយៈក្របខ័ណ្ឌ ពហុភាគីនៃបណ្តាញសភា នៃចលនាមិនចូលបក្សសម្ព័ន្ធជាមួយ AIPA, IPU និងក្របខ័ណ្ឌផ្សេងទៀត។

ជាមួយគ្នានេះ សម្ដេច ប្រធានព្រឹទ្ធសភាកម្ពុជា ក៏បានអញ្ជើញតំណាងសភា អាស៊ែបៃហ្សង់ ចូលរួមសង្កេតការណ៍ បោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ។

ដោយឡែក លោកស្រី ប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ បានបង្ហាញអំពីមនោសញ្ចេសនា ដ៏ជ្រាលជ្រៅ ចំពោះប្រទេសកម្ពុជា បើទោះបីប្រទេសទាំងពីរ មានភូមិសាស្ត្រខុសគ្នា និងឆ្ងាយពីគ្នាក៏ដោយ ក៏ប្រទេសទំាងពីរហាក់ ដូចជានៅជិតគ្នា ៕

To Top