ព័ត៌មានជាតិ

ថ្នាក់ដឹកនាំ និងនិស្សិត នៅសាកល វិទ្យាល័យជាតិ បាត់ដំបង យល់កាន់តែស៊ីជម្រៅ ពីទំនើបកម្មសង្គម និយមតាមបែបផែនចិន

បាត់ដំបង ៖ រសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាកលវិទ្យាល័យជាតិ បាត់ដំបង មានរៀបចំកម្មវិធីបាឋកថា ស្តីពីទំនើបកម្មសង្គមនិយម តាមបែបផែនចិន ។

ថ្លែងបើកអង្គបាឋកថា ទៅកាន់ថ្នាក់ដឹកនាំ មន្ត្រីរាជការ សិស្ស និស្សិតនៅក្នុងខេត្តបាត់ដំបងចំនួន២០០រូប លោក Liu Zhijie អគ្គកុងស៊ុលស្ថានទូតចិន ប្រចាំខេត្តសៀមរាប បានកត់សម្គាល់ពីប្រសាសន៍ របស់ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលបានរំលេចពីសមិទ្ធផលនានា របស់កម្ពុជាទទួលបាន ក្នុងកំឡុងពេលដំណើរទស្សនកិច្ច របស់លោក Li Keqiang នាយករដ្ឋមន្ត្រីសាធារណរដ្ឋប្រជាមានិតចិន មកកម្ពុជា កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយបានផ្តល់ចំណងជើងថា ចំណងមិត្តភាពចិននិងកម្ពុជា កាន់តែរឹងមាំ កិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា កាន់តែស៊ីជម្រៅ។

លោកក៏បានគូសបញ្ជាក់ ពីសមិទ្ធផល នៃសមាជលើកទី២០ របស់បក្សកុម្មុយនិស្តចិន ដោយផ្តោតលើទស្សនៈស្តីពី ទំនើបកម្មសង្គមនិយម តាមបែបផែនចិន ។ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នក ស្រាវជ្រាវវឌ្ឍន ភាពកម្ពុជា-ចិន បានគូសរំលេច ពីការធ្វើទំនើបកម្មសង្គម និយម តាមបែបផែនចិន ដែលជាសង្គមនិយមទំនើប ដែលដឹកនាំដោយបក្សកុម្មុយនីស្តចិន ដែលមានលក្ខណៈពិសេស នៃការរួមបញ្ចូលនូវបទពិសោធធ្វើទំនើបកម្ម នៃបណ្តាប្រទេសនានាជាមួយ លក្ខណៈពិសេសផ្ទាល់ខ្លួន របស់ចិន ដោយការអភិវឌ្ឍ របស់ប្រទេសចិន ជាអ្វីដែលមនុស្សជាតិទាំងអស់គ្នា ប្រាកដជាអាចទទួល បានផលប្រយោជន៍ ហើយការធ្វើទំនើបកម្ម សង្គម និយមតាមបែបផែនចិន ជាការសង់ស្ពានមេត្រីភាពកាន់តែរឹងមាំ ក្នុងការចងស្ពានមេត្រីភាព រក្សាបាននូវមិត្តភាព សមភាព និង កិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះ ដើម្បីបង្កើតនិងបង្កើន ទំហំនំខេកផលប្រយោជន៍ ដល់ពិភពលោក ក្នុងគោលបំណងកសាងបាននូវសហគមន៍ រួមវាសនា របស់មនុស្សជាតិ ។ ទំនើបកម្មបែបផែន ប្រទេសចិនមានបង្កប់នូវ លក្ខណៈពិសេសមួយនោះ គឺ «វិបុលភាពរួម»។ ប្រទេសចិននឹងបើកទូលាយ ក្នុងកម្រិតកាន់តែខ្ពស់ ដើម្បីចែករំលែកឱកាសទីផ្សារ កាន់តែច្រើនដល់ពិភពលោក ។

លោកបណ្ឌិត ក៏បានឆ្លើយសំណួរ ទៅនឹងអង្គបាឋកថាយ៉ាងក្បោះក្បាយ ដោយបានគូសបញ្ជាក់បន្ថែមថា សង្ឃឹមថាអង្គពិធីទាំងមូល បានទទួលនូវពុទ្ធិកាន់តែស៊ីជម្រៅ ពីប្រទេសចិនទំនើប ដែលមិនធ្លាប់ធ្វើអាណានិគម មិនដែលឈ្លានពាន មិន ដែលបង្កសង្គ្រាម ហើយប្រទេសចិន មានបង្កើនឆន្ទៈក្នុងយន្តការពហុភាគី និយមដោយផ្តល់ក្តីសង្ឃឹម យ៉ាងស្មោះដល់ភពផែនដីអភិវឌ្ឍរីកចម្រើនដោយសន្តិភាពនិងស្ថិរភាព។
ដូចទៅនឹងអង្គពិធី ទាំងមូលផងដែរ តាមរយៈបទបង្ហាញនេះរួមជាមួយការទទួលបាននូវសៀវភៅ Xi Jinping អភិបាលកិច្ចប្រទេសចិន ចាប់ពីភាគ១ដល់ភាគ ៤ ទើបឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបង យល់កាន់តែស៊ីជម្រៅពីទំនើបកម្មសង្គម និយមតាមបែបផែនចិន គឺជាការធ្វើទំនើបកម្ម ដែលគ្របដណ្តប់ លើទ្រង់ទ្រាយ ប្រជាជនដ៏ធំសម្បើម ជាការធ្វើទំនើបកម្ម ដែលប្រជាជនទាំងមូលសុទ្ធ តែទទួលបានជីវភាពរស់នៅ ប្រកបដោយវិបុលភាព ជាការធ្វើទំនើបកម្ម ដែលអរិយធម៌ខាង សម្ភារៈនិង អរិយធម៌ខាងវិញ្ញាណ មានភាពចុះសម្រុងគ្នា ជាការធ្វើទំនើបកម្មដែលមនុស្សជាតិ និងធម្មជាតិរួមរស់នៅដោយសុខដុមរមនា និងជាការធ្វើទំនើបកម្ម ដែលដើរតាមមាគ៌ាអភិវឌ្ឍន៍ ដោយសន្តិភាព។ ជារួមអង្គពិធីទាំង មូលសុទ្ធតែយល់ស្របគ្នាថា ការធ្វើទំនើបកម្មតាមបែបផែនចិន មិនត្រឹមតែអាចនាំមកនូវ ផលប្រយោជន៍ដល់ប្រជាជនចិនប៉ុណ្ណោះទេ ថែមទាំងអាចផ្តល់ផល ប្រយោជន៍ដល់ប្រជាជន ពិភពលោកទៀតផង ។ ជាបឋមគឺនាំមកផលប្រយោជន៍ ដល់ការកាត់បន្ថយភាពក្រីក្រ របស់ពិភពលោក៕
(ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)

To Top