ព័ត៌មានជាតិ

ជំងឺរាតត្បាត​ បំផ្លាញវឌ្ឍនភាពរបស់កម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ

ភ្នំពេញ៖ យោងតាមរបាយការណ៍មួយ ចេញផ្សាយដោយ ធនាគារពិភពលោក (World Bank) បានបង្ហាញថា អត្រាភាពក្រីក្រនៅកម្ពុជា បានធ្លាក់ចុះសឹងតែពាក់កណ្តាល ក្នុងចន្លោះឆ្នាំ២០០៩ និងឆ្នាំ២០១៩ ប៉ុន្តែដោយការរាតត្បាតជំងឺកូវីដ-១៩ បានធ្វើឲ្យអត្រាភាពក្រីក្រនេះ បានកើនឡើងវិញក្នុងពេលថ្មីៗនេះ។

របាយការណ៍ ក៏បានវាយតម្លៃភាពក្រីក្រ ក្រោមចំណងជើង «ស្តារសេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែមានភាពបរិយាបន្ន និងភាពធន់ជាងមុន» (Toward A More Inclusive and Resilient Cambodia) របស់ធនាគារពិភពលោក បានឲ្យដឹងថា នៅក្នុងរយៈពេល១០ឆ្នាំ គិតមកដល់ ឆ្នាំ២០១៩/២០២០ អត្រាភាពក្រីក្ររបស់កម្ពុជា បានធ្លាក់ចុះពីកម្រិត ៣៣.៨% មកនៅត្រឹម១៧.៨% ដោយជួយឲ្យប្រជាជនកម្ពុជា ជិត២លាននាក់ បានរួចផុតពីភាពក្រីក្រ។ ប៉ុន្តែចាប់តាំងពីឆ្នាំ២០២០មក អត្រានេះបានកើនឡើង ២.៨ភាគរយ ដែលមានន័យថា ប្រជាជនប្រហែល ៤៦០ ០០០នាក់ បានធ្លាក់ទៅស្ថិតនៅក្រោម កម្រិតប្រាក់ចំណូល នៃភាពក្រីក្រវិញ។

ប្រភព ដដែល បន្ដថា ចន្លោះឆ្នាំ២០០៩ ដល់ឆ្នាំ២០១៩ ជាទសវត្សរ៍ដែលប្រទេសកម្ពុជា ទទួលបានកំណើនសេដ្ឋកិច្ចឥតឈប់ឈរ និងការកើនឡើង នៃប្រាក់ចំណូលយ៉ាងទូលំទូលាយ។ ការពង្រីកសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស រួមផ្សំជាមួយនឹងការផ្លាស់ប្តូរ រចនាសម្ព័ន្ធ បាននាំឲ្យមានការកើនឡើងប្រាក់ឈ្នួល និងកម្រិតជីវភាពរស់នៅកាន់តែប្រសើរ។

លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងការិយាល័យ ធនាគារពិភពលោកប្រចាំនៅកម្ពុជា បានថ្លែងថា «កិច្ចខិតខំជំរុញឲ្យមានការផ្លាស់ប្តូរជារចនាសម្ព័ន្ធ បានជួយកាត់បន្ថយភាពក្រីក្រ ក្នុងរយៈពេលកន្លងមក។ ប៉ុន្តែទន្ទឹមនឹងជោគជ័យគួរឲ្យកត់សម្គាល់នេះ គ្រួសារជាច្រើនស្ថិតនៅក្នុងស្ថានភាពងាយរងគ្រោះនៅឡើយ ដោយសារពួកគេមិនសូវមានប្រាក់សន្សំ ឬគ្មានសំណាញ់ការពារផ្នែកសង្គម។ ត្រង់នេះមានន័យថា ជំងឺកូវីដ-១៩ បានរុញថយក្រោយវិញ នូវវឌ្ឍនភាពរបស់កម្ពុជា ក្នុងការប្រយុទ្ធនឹងភាពក្រីក្រ ដោយធ្វើឱ្យប្រជាជនជាច្រើន បាត់បង់ការងារនិងប្រាក់កម្រៃ»។

របាយការណ៍នេះ លើកអនុសាសន៍ថា កម្ពុជាគួរពិចារណាលើអន្តរាគមន៍ ផ្នែកគោលនយោបាយមួយចំនួន ដើម្បីគាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញ ប្រកបដោយបរិយាបន្ន និងធន់ជាងមុន ពីការប៉ះទង្គិចរបស់ជំងឺរាតត្បាត និងវិបត្តិសេដ្ឋកិច្ចដែលមានមកជាមួយវា។ អន្តរាគមន៍ទាំងនោះ អាចរួមមាន ការផ្ទេរសាច់ប្រាក់តាមគោលដៅកំណត់ វិធានការពង្រឹងកិច្ចគាំពារសង្គម និងការវិនិយោគលើវិស័យសុខាភិបាល និងការអប់រំ ជាដើម៕

To Top