ព័ត៌មានជាតិ

EU ថា ទាហានអ៊ុយក្រែន ១០ម៉ឺននាក់ បានបាត់បង់ជីវិតនៅក្នុង ជម្លោះជាមួយរុស្ស៊ី

បរទេស៖ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានបង្ហាញចំនួនសរុបនៃ ការខាតបង់ដែលត្រូវបានប៉ាន់ប្រមាណថា បានទទួលរងដោយអ៊ុយក្រែន ក្នុងជម្លោះរបស់ខ្លួនជាមួយរុស្ស៊ី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងទៀតថា លោកស្រី von der Leyen បានអះអាងកាលពីថ្ងៃពុធថា “រហូតមកដល់ពេលនេះ មន្ត្រីយោធាអ៊ុយក្រែនជាង ១០០ ០០០ នាក់ ត្រូវបានសម្លាប់” ខណៈបន្ថែមថា ជនស៊ីវិលប្រហែល ២០ ០០០នាក់ ក៏បានបាត់បង់ជីវិតផងដែរ ចំពេលការប្រយុទ្ធគ្នាដែលបាន បន្តចាប់តាំងពីចុងខែកុម្ភៈ។

ប្រធាន​គណៈកម្មការ​អឺរ៉ុប​រូបនេះ មិន​បាន​បង្ហាញ​ពី​ប្រភព​ព័ត៌មាន​ ដែល​លោកបាន​ផ្តល់​ឲ្យ​នោះ​ទេ។

កាលពីចុងខែកញ្ញា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu បាននិយាយថា ការខាតបង់របស់អ៊ុយក្រែន រហូតមកដល់បច្ចុប្បន្ន មានចំនួនទាហានច្រើនជាង ៦១,០០០នាក់ ដែលចំនួននេះ គឺខ្ពស់ជាងចំនួនទាហានរុស្ស៊ី ១០ដង។

នៅក្នុងសុន្ទរថា លោកស្រី von der Leyen ក៏បានស្នើឱ្យបង្កើតតុលាការឯកទេស ដែលគាំទ្រដោយអង្គការសហប្រជាជាតិ ដើម្បីស៊ើបអង្កេត និងកាត់ទោសនូវអ្វីដែល លោកស្រីពិពណ៌នាថាជា “ឧក្រិដ្ឋកម្មនៃការឈ្លានពានរបស់រុស្ស៊ី” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top