ភ្នំពេញ៖ លោក កែវ រតនៈ រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង និងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញជួបសំណេះសំណាលនិងផ្តល់កម្លាំងចិត្ត ដល់សិស្សានុសិស្សថ្នាក់ទី១២ ដែលត្រៀមប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២២ នាថ្ងៃទី០៥-០៦ ខែធ្នូ ឆ្នាំ២០២២ខាងមុខ ដើម្បីតម្រង់ទិសពួកគេ ឈានទៅសម្រេចបំណងប្រាថ្នា ទៅថ្ងៃអនាគត។
ក្នុងឱកាសនោះ លោក កែវ រតនៈ ក៏បានជំរុញលើកទឹកចិត្ត ឱ្យសិស្សានុសិស្ស ខិតខំរៀនសូត្រ អភិវឌ្ឍន៍ខ្លួនឱ្យមានសមត្ថភាព ដើម្បីយកចំណេះដឹង ជំនាញមកអភិវឌ្ឍន៍មូលដ្ឋានស្រុក ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ជាចុងក្រោយលោកក៏បានជូនពរឱ្យបេក្ខជន ប្រឡងជាប់បាននិទ្ទេសល្អគ្រប់ៗគ្នា។
រដ្ឋបាលខេត្តពោធិ៍សាត់ បានធ្វើការណែនាំ ដល់ម្ចាស់អាជីវកម្ម លក់សម្ភារៈ សិក្សាគ្រប់ប្រភេទ ក៏ដូចជាភោជនីយដ្ឋាន អាហារដ្ឋាន ដែលស្ថិតនៅកៀកបរិវេណមណ្ឌលប្រឡង បិទជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២។ ចំពោះសេវាកម្ម ស្នាក់នៅទេសចរណ៍ សេវាកម្មម្ហូបអាហារ និងសេវាកម្ម ដឹកជញ្ជូនអ្នកដំណើរ មេត្តាបង្កលក្ខណៈងាយស្រួល កុំតម្លើងថ្លៃសេវាកម្មឬសម្រួល ថ្លៃសេវាកម្ម ផងដែរ។
វិធានការណែនាំទាំង៤ចំណុចរួមមាន៖
១-ផ្អាកជាបណ្តោះអាសន្នចំពោះទីតាំងអាជីវកម្មថតចម្លងឯកសារ អ៊ិនធឺណិត និងអាជីវកម្មលក់សម្ភារ សិក្សាគ្រប់ប្រភេទ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២។
២-ផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មនានា ដូចជា ភោជនីយដ្ឋាន អាហារដ្ឋាន ដែលស្ថិតនៅកៀកបរិវេណមណ្ឌលប្រឡង ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២។
៣-ចំពោះទីតាំងអាជីវកម្មដែលមិនស្ថិតនៅកៀកបរិវេណមណ្ឌលប្រឡង ហាមបង្កសម្លេងរំខាន ដែលធ្វើឱ្យប៉ះពាល់ ដល់ដំណើរការនៃការប្រឡងរបស់បេក្ខជន។
៤-សេវាកម្មទេសចរណ៍ទាំងអស់ ពិសេសចំពោះសេវាកម្ម ស្នាក់នៅទេសចរណ៍ សេវាកម្មម្ហូបអាហារ និងសេវាកម្ម ដឹកជញ្ជូនអ្នកដំណើរ មេត្តាបង្កលក្ខណៈងាយស្រួល កុំតម្លើងថ្លៃសេវាកម្ម ឬសម្រួល ថ្លៃសេវាកម្ម ចំពោះអនុរក្សនិង សិស្សានុសិស្ស ក្នុងអំឡុងពេលដំណើរការ ប្រឡងសញ្ញាបត្រ សិក្សាទុតិយភូមិ នាពេលខាងមុខនេះ៕